សៀមរាប៖ តាមការផ្សាយរបស់ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌាហៅកាត់ថា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាន នៃរោងទងទី៣ របស់ប្រាសាទតាព្រហ្ម ប្រទះឃើញឃើញដងខ្លួនពុទ្ធបដិមា១។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

តាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា ដងខ្លួនពុទ្ធបដិមាដែលរកឃើញនៅពេលនេះគឺជាគូរនឹងព្រះសិរសា ដែលត្រូវបានគេរកឃើញកាលពីឆ្នាំ១៩២៧ ហើយរក្សាទុកនៅ អភិរក្សដ្ឋានអង្គរ រហូតមកដល់ពេលបច្ចុប្បន្ន។ លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការធ្វើកំណាយនៅដំណាក់កាលទី២ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញដងខ្លួននៃពុទ្ធបដិមា បំណែកបដិមាចំនួន២៩។ ក្នុងនោះដងខ្លួនពុទ្ធបដិមាចំនួន១ មានសិល្បៈរចនាប័ទ្មបាយ័ន ស្ថិតក្នុងស្ថានភាពបាត់បង់ព្រះសិរសា ប្រអប់ជើង និងព្រះហស្តស្តាំមានកម្ពស់ប្រវែង១,១៦សង់ទីម៉ែត្រ និងទំហំស្មា ៥៦សង់ទីម៉ែត្រ។ ដងខ្លួនបដិមានោះ លម្អដោយគ្រឿងអលង្ការ ស្លៀកសំពត់ ពានាស្បៃ ព្រះហស្តឆ្វេងដាក់លើដើមទ្រូង មានទម្រង់កាយវិការកម្រនៅក្នុងសិល្បៈខ្មែរ។

បុរាណវិទូរូបនេះបន្ថែមថា ក្រោយរកឃើញក្រុមការងារបានចុះបញ្ជីតាមបច្ចេកទេស។ បន្ទាប់មកក្រុមការងារបានស្កេនប្រៀបធៀបស្វែងរកបំណែកផ្សេងៗ ដែលបាត់បង់ ដើម្បីផ្គុំឡើងវិញ ហើយបានដឹងថា ដងខ្លួននៃពុទ្ធបដិមានេះ ត្រូវគ្នាជាមួយនឹងបំណែកដៃចុះបញ្ជីលេខN°292 និងប្រអប់ជើងចុះបញ្ជីលេខ N°168 ដែលកំណាយរកឃើញនៅដំណាក់កាលទី១ កាលពីខែកក្កដា ឆ្នាំ២០២៤។ រីឯព្រះសិរសាចុះបញ្ជីលេខDCA.6883-N139 រកឃើញនៅគោបុរៈខាងកើតទី៤ នៃប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ ក៏ត្រូវបានសិក្សាស្កេនប្រៀបធៀបត្រូវគ្នា និងដងខ្លួននៃបដិមាដែលរកឃើញនៅដំណាក់កាលទី២នេះដែរ។

ក្រោយពិនិត្យឃើញដូច្នេះ អាជ្ញាធរជាតិអប្សរា អះអាងថា ផ្នែកផ្សេងៗនៃពុទ្ធបដិមាដែលបាក់បែកត្រូវបានផ្គុំឡើងវិញស្ទើរតែពេញលេញតាមទម្រង់ដើម។ ចំពោះផ្នែកបាត់បង់ដែលស្វែងរកមិនទាន់ឃើញ គឺបាត់ព្រះសហ្តស្តាំតែប៉ុណ្ណោះ។ គួរកត់សម្គាល់ថា កិច្ចការកំណាយនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំវត្ថុសិល្បៈ ក្នុងបរិវេណប្រាសាទតាព្រហ្ម ដោយសារតែមានរូបចម្លាក់ជាច្រើនបាននៅរាយប៉ាយតាមកំពែង ឬក៏នៅក្នុងរោងទង៕





