ភ្នំពេញ៖ – កម្មករនិងកម្មការីរោងចក្រ មានទារកដ្ឋានសម្រាប់ដាក់កូនតូចៗឱ្យគេជួយមើលថែ មានអាហារដ្ឋានសម្រាប់ផ្តល់អាហារ និងធ្វើដំណើរទៅមក សុទ្ធតែមិនអស់ប្រាក់មួយរៀល…អត្ថប្រយោជន៍ទាំងនេះ មាននៅក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្កាមិន ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាលលើកយកមកនិយាយសំណេះសំណាលជាមួយកម្មការិនី។ មិនត្រឹមតែប៉ុណ្ណឹងទេ កម្មការិនីដែលមានផ្ទៃពោះ អាចទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ចាប់តាំងពីពេលមានផ្ទៃពោះ រហូតដល់ប្រសូតកូន ឬទៅព្យាបាលជំងឺផ្សេងៗ ដោយមិនអស់ប្រាក់ តាមរយៈការប្រើបណ្ណប.ស.ស. ឬបណ្ណសមធម៌។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងពិធីសម្ពោធទារកដ្ឋាននៃរោងចក្រ ម៉ាវ៉ល ហ្កាមិន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកឡើងថា ការទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ ធ្វើឱ្យកម្មករ-កម្មការិនី អាចសន្សំថវិកាបានច្រើន (ព្រោះបានកាត់បន្ថយការចំណាយ)។ បើតាមសម្តេច កម្មករ-កម្មការិនី ដែលបម្រើការងារនៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងរាជធានីភ្នំពេញ មាន១ម៉ឺន៨ពាន់នាក់ កំពុងទទួលបានអត្ថប្រយោជន៍ទាំងនេះ។

អង្គុយទល់មុខកម្មការិនី ប្រមខុរាជរដ្ឋាភិបាល សួរពួកគេថា តើសប្បាយចិត្តនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះដែរឬទេ? ហើយចង់ឱ្យបន្តគោលនយោបាយផ្តល់អត្ថប្រយោជន៍បែបនេះទៀតដែរឬទេ? បន្ទាប់មកប្រមុខរជរដ្ឋាភិបាល ក៏ថ្លែងដូច្នេះថា៖«គោលនយោបាយនេះ មិនមែនខ្ញុំគ្រាន់តែនិយាយទេ គឺបានផលប្រយោជន៍ជាក់ស្តែង»។

គេជួយមើលកូនឱ្យ មានកន្លែងហូបបាយ ធ្វើដំណើរទៅមក ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ សុទ្ធតែមិនតម្រូវឱ្យចំណាយប្រាក់ តើកម្មករ-កម្មការិនីតាមរោងចក្រ-សហគ្រាសដទៃទៀត អាចនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះដែរទេ? បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងរៀបចំបង្កើតទារកដ្ឋាននៅតាមរោងចក្រពីរបីផ្សេងទៀត ក្រៅពីរោងចក្រ ម៉ាវ៉ល ហ្កាមិន។ ប្រមុខរាជរដ្ឋាភិបាលអះអាងថា ទៅថ្ងៃមុខ ឱ្យតែរោងចក្រ-សហគ្រាសមានបុគ្គលិក ឬកម្មករ-កម្មការិនីចាប់ពី១០០នាក់ឡើង ត្រូវមានទារកដ្ឋាន។

ចំពោះរឿងហូបចុក រោងចក្រខ្លះ មិនមានកន្លែងផ្តល់អាហារដល់កម្មករ-កម្មការិនីនោះទេ តែឧបត្ថម្ភប្រាក់សម្រាប់ពួកគេចំណាយលើថ្លៃអាហារដោយខ្លួនឯង។ ចំពោះរឿងធ្វើដំណើរ រោងចក្រខ្លះ ពុំបានចេញឱ្យកម្មករ-កម្មការិនីទាំងស្រុងឡើយ តែឧបត្ថម្ភប្រាក់សម្រាប់ចំណាយលើថ្លៃធ្វើដំណើរ។ រីឯរឿងទៅមន្ទីរពេទ្យវិញ ជាទូទៅ កម្មករ-កម្មការិនី មានបណ្ណប.ស.ស។ ទោះយ៉ាងណា គេនៅតែមើលឃើញថា កម្មករ-កម្មការិនីមួយចំនួន ពិសេសក្នុងវិស័យវាយនភណ្ឌ នៅតែជួបបញ្ហាជីវភាព ដោយអ្នកខ្លះ ចំណូល សឹងតែមិនអាចទប់នឹងចំណាយក្នុងមួយខែៗ៕ 


