ប្រាសាទជមធ្វើការជួសជាងមួយឆ្នាំនេះ ចាប់ផ្ដើមលេចរូបរាងបណ្ដើរៗ

សៀមរាប៖​​ អាជ្ញាធរជាតិអប្សរា​​​ កាលពីថ្ងៃទី៦ ខែមីនា​ ឆ្នាំ២០២៥ ​​​​បានឱ្យដឹងថា​ បន្ទាប់ពីអ្នកជំនាញបានជួសជុលរយៈពេល១ឆ្នាំ៤ខែ​ ​ ប្រាសាទជម ដែលធ្លាប់តែបាក់បែកទ្រុឌទ្រោម​ ពេលនេះបានបង្ហាញរូបរាង និងសម្រស់ឡើងវិញជាបណ្ដើរៗហើយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

លោក ថៃ យ៉ាម៉ង់ ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា​ បានឱ្យដឹងថា មុនពេលជួសជុល ប្រាសាទជម មានស្ថានភាពទ្រុឌទ្រោមខ្លាំងដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ ដូចជា​ឬសឈើចាក់បំបែករចនាសម្ព័ន្ធរបស់ប្រាសាទរហូតទៅដល់គ្រឹះខាងក្រោមធ្វើឱ្យទឹកភ្លៀងហូរចូល​ បណ្ដាលឱ្យដីគ្រឹះចុះខ្សោយ​ និងស្រុតចុះ។ ថ្មរបស់ប្រាសាទនេះ បានរលុះធ្លាក់បាក់បែកខូចខាតរូបរាងជាច្រើនកន្លែងដូចជា ផ្តែរ សសរពេជ្រ ស៊ុមទ្វារផ្នែកខាងក្រៅបានធ្លាក់ចុះដល់ដី ហើយកន្លែងខ្លះទៀតបាត់ថ្ម ថ្មក្រៀកហែកចេញពីគ្នាជាដើម។​ ស្ថាបត្យកររូបនេះ​ បន្ថែមថា​ ​ការជួសជុលជំហានដំបូង ក្រុមការងារបានចាប់ផ្ដើមប្រមូលឯកសារចាស់ៗ ពីសាលាបារាំងចុងបូព៌ា អភិរក្សដ្ឋានអង្គរ និងអាជ្ញាធរជាតិអប្សរា​ ដើម្បីទុកជាឯកសារសិក្សា។ បន្ទាប់មក​ ក៏ចាប់ផ្ដើមសិក្សាវាយតម្លៃការខូចខាត ធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីពិនិត្យមើលរចនាសម្ព័ន្ធរបស់ប្រាសាទ ព្រមទាំងបានរកថ្ម កំណត់ទីតាំងថ្ម ថត​ និងចុះបញ្ជីថ្ម។ល។ ​

លោក ថៃ យ៉ាម៉ង់ ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា

សូមជម្រាបថា ការជួសជុស ប្រាសាទជម​ ចាប់ផ្តើមតាំងចុងឆ្នាំ២០២៣ គិតមកទល់ពេលនេះការងារជួសជុលសម្រេចបានលទ្ធផលប្រមាណ៦០ភាគរយហើយ។​ ការជួសជុសនេះដែរ​ មានការសហការរវាងអាជ្ញាធរជាតិអប្សរា​ ជាមួយនិងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ។​ ប្រាសាទជម មានទីតាំងនៅក្នុងក្រុងអង្គរធំ ជាប្រាសាទតូចប្រាង្គទោល និងមានប្លង់ដូចគ្នានឹងប្រាសាទកោរសក់ តែតូចជាងបន្តិច កសាងឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ និងនៅបន្សល់ក្បូរក្បាច់ចម្លាក់យ៉ាងល្អវិចិត្រ ស្រដៀងទៅនឹងប្រាសាទបន្ទាយស្រី។​ ប្រាសាទនេះ​ មានកំពែងព័ទ្ធជុំវិញ ធ្វើពីថ្មភក់មានទំហំ៣៥គុណ២៨ម៉ែត្រ ស្ថិតនៅលើខឿនបីជាន់ខ្ពស់ផុតពីដីមានទ្វារចូលគ្រប់ទិសទាំង៤៕

You might like