សៀមរាបះ- អាជ្ញាធរជាតិអប្សរាលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាដោយស្ថាប័នធានាគុណភាពជប៉ុនJQA មានរយៈពេល៣ថ្ងៃ។ ពោលគឺគិតចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយធ្វើសវនកម្មចំនួន៤នាយកដ្ឋាន និង១អង្គភាព។ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ថ្លែងថា ក្រោមការដឹកនាំពីមន្រ្តី និងបុគ្គលិកពាក់ព័ន្ធតាមនាយកដ្ឋានជំនាញ បានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ របស់អាជ្ញាធរជាតិអប្សរា បន្តមានភាពល្អប្រសើរ និងទទួលកម្រិតស្ដង់ដារពីស្ថាប័នធានាគុណភាពជប៉ុន JQAជាបន្តបន្ទាប់ ហើយនេះជាឆ្នាំទី១៩ហើយ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

លោកសង្ឃឹមថា៖«ក្រោយពីសវនកម្មផ្ទៃក្រៅលើកនេះរួច អាជ្ញាធរជាតិអប្សរា នឹងបន្តទទួលបានកម្រិតស្ដង់ដារផ្នែកបរិស្ថានបន្តទៀតសម្រាប់រយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧»។ តាមអគ្គនាយករងដដែលក្នុងនាមស្ថាប័នដែលគិតគូរពីបរិស្ថានខ្ពស់ អាជ្ញាធរជាតិអប្សរា កំពុងធ្វើការភ្ជាប់ខ្លួនទៅ និងការងារបរិស្ថាន ជាគុណតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបាន។ ក្នុងកិច្ចប្រជុំដដែល តំណាងស្ថាប័នJQA និងជាសវនករលោក ម៉ាម៉ូរុ យ៉ាម៉ាដាលើកឡើងថា ចំណុចដែលត្រូវយកមកពិនិត្យនៅក្នុងសវនកម្មផ្ទៃក្រៅនាពេលនេះមានចំនួន៨ចំណុច។

ចំណុចទាំងនោះរួមមាន៖ ទី១.ពិនិត្យលើសវនកម្មផ្ទៃក្នុង និងត្រួតពិនិត្យការគ្រប់គ្រង, ទី២.ពិនិត្យសវនកម្មលើកមុនដែលមិនមានភាពមិនអនុលោម, ទី៣.ការឆ្លើយតបរបស់អាជ្ញាធរជាតិអប្សរាទៅនឹងមតិផ្សេងៗពីមជ្ឍដ្ឋានខាងក្រៅ, ទី៤.ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ទៅលើការសម្រេចគោលបំណង, ទី៥.ស្ថានភាពរីកចម្រើនទៅមុខសម្រាប់សកម្មភាពកែលម្អជាបន្តបន្ទាប់,ទី៦.ការគ្រប់គ្រងប្រតិបត្តិការជាប្រចាំដែលបានចារនៅក្នុងសៀវភៅគ្រប់គ្រងបរិស្ថាន, ទី៧.ការផ្លាស់ប្ដូរផ្សេងៗនៅក្នុងប្រព័ន្ធគ្រប់គ្រង និងទី៨.ភាពសមស្របនៃការប្រើប្រាស់ស្លាកសញ្ញាចុះបញ្ជី និងការបោះពុម្ពផ្សាយ ព័ត៌មានដែលបានចុះបញ្ជី៕
ពន្យល់ពាក្យ «សវនកម្ម»៖ សកម្មភាពត្រួតពិនិត្យ ផ្ទៀងផ្ទាត់ដំណើរការ ឬប្រព័ន្ធគ្រប់គ្រងគុណភាពនៅនឹងកន្លែងដើម្បីធានាប្រសិទ្ធភាព តម្លាភាព នៃការប្រើប្រាស់ធនធាន។


