ភ្នំពេញ៖ ក្នុងឱកាសត្រៀមរៀបចំ«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅចុងខែកុម្ភៈឆាប់ៗនេះ ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាកសិករ ក៏ដូចជាអាជីវករខ្មែរទាំងអស់ គួរចូលរួមទស្សនា ឬដាក់លក់ផលិតផលរបស់ខ្លួនឱ្យបានច្រើន ដើម្បីអាចជាឱកាសមួយក្នុងការស្វែងរកដៃគូអាជីវកម្មថ្មីៗ…។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

បើតាមក្រសួងពាណិជ្ជកម្ម«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នឹងរៀបចំឡើង នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ក្នុងរយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ពិព័រណ៍ផលិតផលខ្មែរក្នុងឆ្នាំ២០២៥ ក្រសួងនឹងរៀបចំក្រោមមូលបទ«បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ»។ ហេតុដូចនេះ ក្រសួងស្នើឱ្យពលរដ្ឋខ្មែរ ជាពិសេស អាជីវករ ផលិតករ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន ឬអ្នកដាំដុះបន្លែផ្លែឈើ គួរតែចូលរួម ហើយយកផលិតផលរបស់ខ្លួនមកដាក់តាំងបង្ហាញឱ្យបានគ្រប់ៗគ្នា។

ក្រសួងអះអាងថា៖«ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់កសិករ អាជីវករ និងសហគ្រិន ដើម្បីផ្សព្វផ្សាយ ផលិតផល និងស្វែងរកឱកាសធ្វើអាជីវកម្មថ្មី និងកិច្ចសហការពាណិជ្ជកម្ម»។ គួររំឭកថា កាលពីឆ្នាំ២០២៤ ក្រសួងក៏បានរៀបចំពិព័រណ៍ផលិតផលខ្មែរនៅខេត្តសៀមរាបដែរ ហើយក្នុងនោះ មានអង្គការ សមាគមអាជីវកម្ម និងសហគមន៍ផលិតបន្លែផ្លែឈើខ្មែរក្នុងខេត្តសៀមរាប និងមកពីរាជធានី-ខេត្ត ចំនួន១៦ បាននាំយកផលិតផល កសិផលរបស់់ខ្លួនមកចូលរួមដាក់តាំងបង្ហាញ៕

