យន្តហោះក្រុមហ៊ុន American Airlines ផ្ទុកអ្នកដំណើរ ១៩៩នាក់ រងការគំរាមបំផ្ទុះគ្រាប់បែក នៅលើអាកាស

អន្តរជាតិះ- យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន American Airlines ផ្ទុកអ្នកដំណើរចំនួន១៩៩នាក់និងក្រុមអាកាសយានិក១៥នាក់ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi ក្នុងទីក្រុង ញូវដែលី នៃប្រទេសឥណ្ឌា ប៉ុន្តែយន្តហោះនេះ ត្រូវបង្ខំចិត្តហោះបកក្រោយទៅចតនៅអាកាសយានដ្ឋាន Vinci Rome Fiumicino នៃប្រទេសអ៊ីតាលីវិញ ដោយសារតែមានការគំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការបញ្ជាក់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA), យន្តហោះប្រភេទ Boeing 787-9 Dreamliner មួយគ្រឿងនេះ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៅរសៀលថ្ងៃអាទិត្យ ហើយក៏កើតមានការគំរាមបំផ្ទុះគ្រាប់បែកតាមអ៊ីម៉ែលនៅលើសមុទ្រ Caspian។

– ដូច្នេះហើយ ជើងហោះហើរ AA 292 មួយនេះ ក៏ត្រូវបង្ខំចិត្តហោះបកក្រោយ ខណៈអ៊ីតាលី ក៏បញ្ជូនយន្តហោះចម្បាំងទៅអមដំណើរផងដែរ ហើយក្រោយមកវាក៏ចុះចតក្នុងទីក្រុងរ៉ូម ដោយសុវត្ថិភាព នៅម៉ោង ៥:២២នាទីល្ងាច។

– ជុំវិញករណីនេះ ក្រុមហ៊ុន American Airlines បានចេញសេចក្តីថ្លែងការណ៍ថា «សុវត្ថិភាពនិងសន្តិសុខគឺជាអាទិភាពចម្បងរបស់យើង ហើយយើងសូមអរគុណអតិថិជន សម្រាប់ការអធ្យាស្រ័យ»។

– ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនមិនប្រាប់ឡើយថាតើសារគំរាមបំផ្ទុះគ្រាប់បែកនោះ ចេញមកពីណា ព្រោះនេះគឺជាបញ្ហារសើប ដែលត្រូវលាក់ជាការសម្ងាត់សិន។

– សូមបញ្ជាក់ថា នេះគឺជាបញ្ហាមួយទៀតដែលក្រុមហ៊ុន American Airlines ជួបប្រទះក្នុងរយៈពេលត្រឹម២ខែ។ កាលពីខែមករា យន្តហោះរបស់ក្រុមហ៊ុននេះ ដែលផ្ទុកដំណើរ៦០នាក់ និងអាកាសយានិក ៤នាក់ បានបុកជាមួយឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពដែលផ្ទុកទាហានបីនាក់ នៅជិតអាកាសយានដ្ឋានជាតិ Reagan ក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ហើយធ្លាក់ចូលក្នុងទន្លេ Potomac បណ្តាលឲ្យមនុស្សស្លាប់ទាំងអស់៕

 

 

You might like