ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤» ក្បាច់គុនល្បុក្កតោខ្មែរ និងក្បាច់កុនកុងហ្វូ នឹងប៉ះគ្នាម្ដងទៀត ក្នុងក្រុងចឹងចូវ ខែត្តហឺណាន ប្រទេសចិន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២៥…។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ហាក់មិនខុសពីកម្មវិធីមុនៗ ព្រឹត្តិការណ៍ខាងលើនេះ នឹងមានការសម្ដែងទស្សនីយភាពសិល្បៈថ្នាក់ជាតិរួមគ្នារវាងកម្ពុជា-ចិន រួមជាមួយការបង្ហាញម៉ូតសម្លៀកបំពាក់បុរាណ និងប្រពៃណីកម្ពុជា-ចិនផងដែរ។ លើសពីនោះ ការសម្ដែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនកុងហ្វូសៅលីញចិន ក៏ត្រូវបានរៀបចំឡើងក្នុងព្រឹត្តិការណ៍នេះដូចគ្នា។

តាមរយៈកម្មវិធីខាងលើ ក្រសួងទេសចរណ៍ រំពឹងថា នឹងរួមចំណែកជំរុញការផ្សព្វផ្សាយសិល្បៈវប្បធម៌កម្ពុជា សក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។ ក្រសួងទេសចរណ៍ មើលឃើញទៀតថា កម្មវិធីនះ ជាឱកាសក្នុងការផ្សារភ្ជាប់ និងពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពង្រឹងភាពជាដៃគូ កិច្ចសហប្រតិបត្តិការល្អរួមចំណែកដល់ការកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» និងដើម្បីជាការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន។ គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៤ កន្លងទៅ ក្បាច់គុនល្បុក្កតោ និងក្បាច់កុនកុងហ្វូ (សៅលីញ) ក៏បានប្រកួតជាមួយគ្នាក្នុង«ព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣» នៅទីក្រុងចឹងចូវម្ដងរួចមកហើយ៕

