អន្តរជាតិ៖ កៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន ដែលជាអតីតរដ្ឋអាស៊ីកណ្តាលពីររបស់សូវៀតបានប្រកាសកាលពីថ្ងៃសុក្រទី២១ ខែកុម្ភៈថា ពួកគេបានដោះស្រាយជម្លោះព្រំដែនដែលមានអាយុកាលរាប់ទសវត្សរ៍ ដែលបានបង្កឱ្យមានការប៉ះទង្គិចគ្នាសម្លាប់មនុស្សជាងមួយរយនាក់។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

មន្ត្រីសន្តិសុខកំពូលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ព្រំដែនចម្ងាយជាង៩៧០ គីឡូម៉ែត្រ។ ឥឡូវនេះឯកសារត្រូវតែចុះហត្ថលេខាដោយប្រធានាធិបតីរបស់ប្រទេសទាំង២។ បញ្ហាព្រំដែននៅអាស៊ីកណ្តាលបានបន្តកើតមានតាំងពីសម័យសូវៀត។ ទាំងកៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថានធ្វើជាម្ចាស់ផ្ទះមូលដ្ឋានយោធារុស្ស៊ី និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសប្រដាប់ដោយអាវុធប្រល័យលោកមួយនេះ។

គួររំឭកថា ការប៉ះទង្គិចគ្នារយៈពេលពីរថ្ងៃនៅក្នុងតំបន់ព្រំដែនបានសម្លាប់មនុស្សជាង១០០ នាក់ក្នុងខែកញ្ញា ឆ្នាំ២០២២ និងបានជំរុញឱ្យមានការជម្លៀសប្រជាជនប្រហែល១៤០ ០០០ នាក់។ ការប៉ះទង្គិចស្រដៀងគ្នានេះកាលពីខែមេសា ឆ្នាំ២០២១ បានសម្លាប់មនុស្សប្រហែល ២០នាក់ និងរបួសជាង ២០០នាក់។

តាជីគីស្ថានដែលមានប្រជាជន១០ លាននាក់ និងកៀហ្ស៊ីស៊ីស្ថានដែលមានជាង ៧ លាននាក់ ស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅក្នុងតំបន់ដែលមានភាពចលាចល។ សង្គ្រាមស៊ីវិលនៅក្នុងប្រទេសតាជីគីស្ថានដែលទើបនឹងឯករាជ្យក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលបង្កឡើងដោយការវាយលុកកងទ័ពរដ្ឋាភិបាលដែលគាំទ្រដោយរុស្ស៊ីប្រឆាំងនឹងក្រុមអ៊ីស្លាមនិយម និងក្រុមផ្សេងទៀតបានសម្លាប់មនុស្សរាប់ម៉ឺននាក់៕

