រដ្ឋមន្ត្រីសុខាភិបាលបានលើកឡើងថា ពេលសម្រាលកូន ត្រូវតែមានពេទ្យឆ្មបមានជំនាញច្បាស់លាស់

ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាជាតិ សុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោកកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលោកបានបញ្ជាក់ថា ដើម្បីឱ្យរាល់ការសម្រាលប្រកបដោយភាពជោគជ័យ ម្តាយ និងកូនមានសុវត្ថិភាព ការសម្រាលត្រូវតែធ្វើដោយគ្រូពេទ្យឆ្មបមានជំនាញវិជ្ជាជីវៈច្បាស់លាស់។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ចំពោះទិវាជាតិ សុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ត្រូវបានប្រារព្ធឡើង ជារៀងរាល់ខែកុម្ភៈ ក្នុងឆ្នាំ២០២៥នេះ ទិវាត្រូវបានរៀបចំឡើងដោយក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ»។ ថ្លែងក្នុងឱកាសចូលរួមទិវាខាងលើ លោក ឈាង រ៉ា មានប្រសាសន៍ថា៖«ការវិនិយោគរួមគ្នាលើសុខភាពមាតា ទារក កុមារ និងយុវវ័យ ឱ្យទទួលបានសុខភាពល្អ ក្លាយជាកម្លាំងរឹងមាំ ធនធានសម្រាប់ប្រទេសជាតិនាំឱ្យមានភាពរីកចម្រើន»។

ហេតុនេះ លោកសង្កត់ធ្ងន់ថា គ្រប់ការសម្រាលកូនទាំងអស់ត្រូវតែធ្វើនៅមណ្ឌលសុខភាព មន្ទីរពេទ្យសាធារណៈ ឬឯកជន ហើយជាពិសេស ត្រូវធ្វើឡើងដោយពេទ្យជំនាញឆ្មបដែលមានជំនាញ និងវេជ្ជបណ្ឌិត ដើម្បីអាចធានាបានថាការសម្រាលកូនមានសុវត្ថិភាព។ មួយវិញទៀត ទារកដែលទើបនឹងកើត ក៏ត្រូវទទួលបានការថែទាំ ឬសង្គ្រោះបន្ទាន់ ភ្លាមៗ ក្នុងករណីចាំបាច់ តាមរយៈការតាមដានសុខភាព និងការបំបៅដោយទឹកដោះម្តាយ។

ប្រសិនមានករណីបន្ទាន់ណាមួយពាក់ព័ន្ធនឹងការសម្រាល លោកចង់ឱ្យគ្រូពេទ្យត្រូវតែអនុវត្តជាបន្ទាន់ នៅនឹងកន្លែង ឬត្រូវធ្វើការបញ្ជូនទៅមន្ទីរពេទ្យ បើសិនអាចទាន់ពេលវេលា។ យ៉ាងណា ដើម្បីធានាថា ទារកមានសុខភាពល្អ និងរឹងមាំ មុន និងក្រោយពេលសម្រាល លោកលើកទឹកចិត្តឱ្យគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ យ៉ាងតិច៩០ភាគរយ ត្រូវតែទៅទទួលសេវាការពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព យ៉ាងតិចចំនួន៤ដង៕

You might like