អន្តរជាតិះ- ៖ – ក្រុមបុគ្គលិក កម្មករជនជាតិចិនរាប់សិបពាន់នាក់ដែលគេបានរំដោះចេញពីមជ្ឈមណ្ឌលគម្រោងឆបោកតាមអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះ កំពុងតែត្រៀមរៀបចំបែបបទធ្វើដំណើរឆ្លងកាត់តាមប្រទេសថៃ ឆ្ពោះទៅកាន់ប្រទេសកំណើតរបស់ខ្លួននៅក្នុងរយៈពេល៣ថ្ងៃខាងមុខនេះ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ បានរាយការណ៍ឱ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា ពលរដ្ឋចិនចំនួន៦០០នាក់អាចនឹងត្រូវធ្វើដំណើរបន្តទៅកាន់ប្រទេសចិនក្នុងរយៈពេលខ្លីនេះ ខណៈដែលអាជ្ញាធរថៃ និងមីយ៉ាន់ម៉ាបន្តធ្វើការបង្ក្រាបទៅលើដំណើរការប្រតិបត្តិការនៅតាមមជ្ឈមណ្ឌលឆបោកតាមអនឡាញ ដែលស្ថិតនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
– ទោះបីជាបែបណាក្តី ពុំមានសេចក្តីរាយការណ៍លំអិតអំពីថាតើ ម្ចាស់មជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតាមបណ្តោយព្រំដែនរវាងថៃ និងមីយ៉ាន់ម៉ា មានជនជាតិណាជាអ្នកកាន់កាប់ និងបើកមជ្ឈមណ្ឌលឆបោកតាមអនឡាញនោះឡើយ ដោយគេលើកឡើងផ្តោតទៅលើតែជនរងគ្រោះត្រូវគេឆបោក និងកេងប្រវ័ញ្ចន៍តែប៉ុណ្ណោះ។
– ទីភ្នាក់ងារអាអេហ្វប៉េ បានធ្វើសេចក្តីរាយការណ៍កាលពីពេលថ្មីៗថា មជ្ឈមណ្ឌលគម្រោងឆបោកតាមអនឡាញភាគច្រើនគេរកឃើញថា មានក្រុមឧក្រិដ្ឋសង្គមងងឹតនៅពីក្រោយ ហើយបុគ្គលិកប្រតិបត្តិការជាទូទៅភាគច្រើនជាជនបរទេសដែលគេមិនស្គាល់ថា ជាប្រភពមកពីប្រទេសណាមួយជាក់លាក់ ដោយប្រើអត្តសញ្ញាណប្លែកៗ និងច្រើនទម្រង់ រួមទំាងការលាក់អត្តសញ្ញាណ លើកលែងតែករណីមានការបង្រ្កាបចាប់បានប៉ុណ្ណោះ។
– ដោយសារតែមួយរយៈនេះ រកឃើញថា មានពលរដ្ឋចិនពាក់ព័ន្ធនឹងករណីនេះច្រើន ដូច្នេះរដ្ឋការទីក្រុងប៉េកំាង បានបង្កើនល្បឿនដាក់សម្ពាធទៅលើប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃឡង់ដ៍ ដោយជំរុញឱ្យបិទជាបន្ទាន់ និងបង្ក្រាបជាចាំបាច់ចំពោះមជ្ឈមណ្ឌលឆបោកតាមអនឡាញនានានៅតាមបណ្តោយព្រំដែនរវាងប្រទេសទំាងពីរនេះ។
– កងកម្លំាងពិសេសនៅតាមព្រំដែនមួយរូបបានថ្លែងប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា មានពលរដ្ឋចិនចំនួន២០០នាក់អាចនឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតគេវិញ ដោយចេញមកពីប្រទេសមីយ៉ាន់ម៉ា ឆ្លងមកកាន់ប្រទេសថៃដើម្បីបន្តដំណើរទៅស្រុកកំណើតវិញ។
– ស្ថិតនៅក្នុងបរិការណ៍នេះដែរ ប្រទេសចិនបានរៀបចំជើងហោះហើរពិសេសចំនួន១៦គ្រឿង សម្រាប់ដឹកជញ្ជូនជនជាតិចិនប្រមាណជា ៦០០នាក់ក្នុងជុំដំបូងៗ ដែលពួកគេទាំងអស់នោះទើបតែត្រឡប់មកពីស្រុកមេសត(Mae Sot) ស្ថិតនៅជាប់់ព្រំដែនរវាងថៃនិងមីយ៉ាន់ម៉ា។
– អ្នកនំាពាក្យក្រសួងការបរទេសចិន ឈ្មោះ ហ្គៅ ជៀគុន(Guo Jiakun) បានប្រាប់អ្នកកាសែតថា ការបង្រ្កាបជាដំណោះស្រាយទៅលើហ្គេមអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ គឺត្រូវអនុវត្តន៍ម៉ឹងម៉ាត់ ដោយឈរលើការសង្គ្រោះមនុស្សជាអាទិភាព។ អ្នកនំាពាក្យដដែលរូបនេះបានបន្តទៀតថា ការបង្ក្រាបជាជម្រើសសច្ចានុម័តិដើម្បីសុខសុវត្ថិលើផលប្រយោជន៍រួមនៃក្រុមប្រជាជាតិនៅក្នុងតំបន់ទាំងមូល។
– តាមរយៈការធ្វើបទសម្ភាសន៍ពីទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ ចំពោះមនុស្សជាច្រើននាក់ដែលបានរត់រួច និងត្រូវគេរំដោះយកមកបានពីមជ្ឈមណ្ឌលឆបោកតាមអនឡាញ បានរៀបរាប់ទាំងរញ្ជួយចិត្តថា ពួកគេជាជនរងគ្រោះ រងការធ្វើទុក្ខបុកម្នេញវាយដំច្រំធាក់លើរាងកាយធ្ងន់ធ្ងរ ពីក្រុមមេការនៅតាមមជ្ឈមណ្ឌល។ អ្វីដែលគេឃើញជាក់ស្តែងនោះ ពោលគឺ ជនរងគ្រោះ មានផ្ទៃមុខឡើងជំាខ្មៅ ហើយខ្លះទៀតមានផ្ទៃមុខត្រូវគេដុតរោលដោយខ្សែភ្លើងឆក់ជាដើម។
– កាលពីសប្តាហ៍កន្លងទៅ ក្រុមជីវពលក្នុងស្រុក ប្រទេសមីយ៉ាន់ម៉ាបានប្រគល់កម្មករ និងបុគ្គលិកចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញប្រមាណជា ២៦០នាក់ទៅឱ្យអាជ្ញាធរមីយ៉ាន់ម៉ា និងថៃ ដែលក្រុមជនទំាងអស់នោះមានមកពីប្រទេសជាច្រើនដូចជា មកពីប្រទេសហ្វីលីពីន អីត្យូពី ប្រេស៊ីល នេប៉ាល់ ហើយនិងប្រទេសថៃឡង់ដ៍៕

