រដ្ឋបាលខេត្តក្រចេះ សម្រេចបញ្ចប់មុខតំណែងឆ្មាំទន្លេ៣នាក់ បើកដៃឱ្យអ្នកនេសាទឆក់ក្នុងតំបន់អភិរក្សផ្សោតកាំពី

ក្រុងក្រចេះ៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តក្រចេះ បានសម្រេចបញ្ចប់តួនាទីឆ្មាំទន្លេ ដែលអភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងតំបន់កាំពី ចំនួន៣។ ការសម្រេចនេះ ធ្វើឡើងតាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្ទាប់ពីរកឃើញថា បុគ្គលទាំង ៣នាក់ ជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ បើកដៃឱ្យអ្នកនេសាទប្រើប្រាស់ឧបករណ៍ឆក់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន…។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ដោយយោងតាម សេក្តីសម្រេចចុះកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ពោលគឺជាងមួយសប្តាហ៍ក្រោយមានការព្រមានចំៗពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា។ ឆ្មាំទន្លេដែលត្រូវបញ្ចប់តួនាទីនោះរួមមាន៖ លោក សេង កុសល មានតួនាទីជាអនុប្រធានប៉ុស្តិ៍ឆ្មាំទន្លេអភិរក្សសត្វផ្សោតកោះផ្តៅ។ លោក កាន វណ្ណៈ សមាជិកប៉ុស្តិ៍ឆ្មាំទន្លេអភិរក្សសត្វផ្សោតជ្រោយបន្ទាយ និងលោក មួង កែវឡាយ សមាជិកប៉ុស្តិ៍ឆ្មាំទន្លេអភិរក្សសត្វផ្សោតជ្រោយបន្ទាយ។ ការដកឆ្មាំទន្លេនៅតំបន់កាំពីចំនួន៣នាក់នេះ ត្រូវបានធ្វើឡើងដោយមានភស្តុតាងច្បាស់លាស់ ទាំងតាមរយៈការស៊ើបអង្កេតរបស់មន្ត្រីជំនាញ និងតាមរយៈសម្ដីផ្ទាល់របស់ជនសង្ស័យក្នុងបទល្មើសប្រើប្រាស់ឧបករណ៍ឆក់ ដែលបានបង្ក្រាបកាលពីពេលថ្មីៗកន្លទៅ។

សូមរំឭកថា ក្នុងកិច្ចប្រជុំកែសម្រួលសមាសភាពមន្ត្រីឆ្មាំទន្លេនៅតំបន់កាំពី ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្សសត្វផ្សោត នៅទីស្នាក់ការអភិរក្សសត្វផ្សោត ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១១កុម្ភៈ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានក្រើនរំឭកឆ្មាំទន្លេនៅតំបន់អភិរក្សសត្វផ្សោតកាំពី អំពីតួនាទី ភារកិច្ច និងភាពស្មោះត្រង់ ដែលឆ្មាំទន្លេម្នាក់ៗត្រូវប្រកាន់ខ្ជាប់ ដើម្បីថែរក្សាសត្វផ្សោតជារតនសម្បត្តិរបស់ជាតិឱ្យបានគង់វង្ស។ កញ្ញាព្រមានថា គ្រប់បុគ្គលប្រព្រឹត្តល្មើសនឹងត្រូវដកចេញពីសមាសភាពឆ្មាំទន្លេអភិរក្សសត្វផ្សោតភ្លាម ដោយមិនទុកយូរឡើយ។ ដ្បិតអនុរដ្ឋលេខាធិការរូបនេះ ថាការអភិរក្សធនធានជលផល គឺជាការងារដែលក្រសួងផ្ដល់អាទិភាព មិនចាញ់ការងារដទៃទៀតឡើយ ជាពិសេសការអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ៕

You might like