វចនានុក្រមខ្មែរ នៅវត្តឧណ្ណាលោម មហាកុដិ សំរាប់ពលរដ្ឋស្វែងរកចំណេះដឹង

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីរបស់ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រូវបានសម្ពោធ វចនានុក្រមខ្មែរ ក្នុងមហាកុដិ នៅវត្តឧណ្ណាលោម ដែលសម្តេចព្រះសង្ឃរាជខ្មែរដល់ទៅ៣អង្គធ្លាប់គង់នៅពីជំនាន់មួយទៅជំនាន់មួយ ហើយអ្វីគួរឱ្យចងចាំ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

សម្តេច យ៉ន សេង យៀត ព្រះគ្រូចៅអធិការវត្តឧណ្ណាលោម និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានថេរដីកានៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ និងសព្វមុខមន្រ្តីតូចធំយ៉ាងដូច្នេះថា៖«ក្នុងអំឡុងទសវត្សរ៍៥០ដល់៦០ មហាកុដិនេះ នៅជាន់ខាងលើ ជាកន្លែងដែលសម្តេចព្រះសង្ឃរាជ ជួន ណាត តាក់តែង និងរចនាឡើងនូវវចនានុក្រមខ្មែរដ៏ល្បីល្បាញ ហើយបានបន្សល់ទុកសម្រាប់ជាឧត្តមប្រយោជន៍ផ្នែកអក្សរសាស្រ្តជាតិរហូតដល់បច្ចុប្បន្ននេះ»។

សម្តេច យ៉ន សេង យៀត 
សម្តេច យ៉ន សេង យៀត 

វចនានុក្រមខ្មែរ ដែលប្រសូតចេញពីស្នាមព្រះហស្តសម្តេចព្រះសង្ឃរាជ ជួន ណាត បានក្លាយជាវចនានុក្រមគោល ឬជាទីសំអាងធំជាងគេ ក្នុងការសរសេរ និងការប្រើប្រាស់របស់ប្រជាជនខ្មែរ។ ប្រជាជន ហៅវចនានុក្រមខ្មែរ ម្យ៉ាងទៀតថា វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។ ក្នុងសម័យបច្ចុប្បន្ន គឺកាលពីឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា បានបោះពុម្ពវចនានុក្រមខ្មែរថ្មីមួយទៀត ដោយដាក់ឈ្មោះថា វចនានុក្រមខ្មែរ ដែរ។ មានពាក្យថ្មីៗ ដោយក្នុងនោះ មានទាំងពាក្យដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា-វិទ្យាសាស្រ្តផង ត្រូវបានបញ្ចូលទៅក្នុងវចនានុក្រមទើបបង្កើតថ្មីនេះ។

វចនានុក្រមខ្មែរ ឬវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត (រូបពីគេហទំព័រ៖ 5000-years
វចនានុក្រមខ្មែរ ឬវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត (រូបពីគេហទំព័រ៖ 5000-years

ត្រឡប់មកដឹងរឿងរ៉ាវមហាកុដិក្នុងវត្តឧណ្ណាលោមវិញ! មហាកុដិនេះ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៤៩ ក្រោមព្រះរាជូបត្ថម្ភរបស់សម្តេចព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា។ សម្តេចព្រះសង្ឃរាជខ្មែរទាំង៣ព្រះអង្គ ដែលធ្លាប់គង់នៅក្នុងមហាកុដិនេះ គឺសម្តេចព្រះសង្ឃរាជ ជួន ណាត សម្តេចព្រះសង្ឃរាជ ហួត តាត និងសម្តេចព្រះសង្ឃរាជ ទេព វង្ស។ ព្រោះតែសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ ធ្លាប់គង់នៅ ហើយបានតាក់តែងវចនានុក្រមខ្មែរក្នុងមហាកុដិនេះ ទើបមហាកុដិនេះ ត្រូវបានដាក់ឈ្មោះថា មហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត។

ថតពីខាងលើ៖ ខាងត្បូងជាព្រះវិហារ និងខាងជើងជាមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត 
ថតពីខាងលើ៖ ខាងត្បូងជាព្រះវិហារ និងខាងជើងជាមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត 

មិនមែនគ្រាន់តែជាព្រះរាជដំណាក់របស់សម្តេចព្រះសង្ឃរាជខ្មែរគង់នៅនោះទេ ហើយក៏មិនមែនត្រឹមតែជាទីកន្លែងសម្រាប់សម្តេចព្រះសង្ឃរាជ ជួន ណាត បំពេញព្រះរាជកិច្ចក្នុងការតាក់តែងវចនានុក្រមខ្មែរដែរ នៅជាន់ខាងក្រោមនៃមហាកុដិនេះ ថែមទាំងធ្លាប់ត្រូវបានប្រើប្រាស់ជាក្រសួងទៀតផង កាលពីសង្គមចាស់ គឺក្រសួងសម្តេចព្រះសង្ឃរាជ។ មកដល់ឆ្នាំ២០២៥ មហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត មានអាយុកាល៧៦ឆ្នាំហើយ។

សម្តេចព្រះសង្ឃរាជ ជួន ណាត កំពុងបំពេញព្រះរាជកិច្ច (រូបភាពឯកសារ)
សម្តេចព្រះសង្ឃរាជ ជួន ណាត កំពុងបំពេញព្រះរាជកិច្ច (រូបភាពឯកសារ)

ក្នុងព្រះរាជពិធីខាងលើ សម្តេច យ៉ន សេង យៀត មានព្រះថេរដីកាថា ដោយសារមានសភាពចាស់ទ្រុឌទ្រោម មហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានជួសជុស និងកែលម្អឡើងវិញ ចាប់តាំពីឆ្នាំ១៩៩០មកម្ល៉េះ រហូតដល់រួចរាល់នៅឆ្នាំ២០២៥នេះ ដើម្បីតម្កល់ទុកជាសម្បត្តិក្នុងព្រះពុទ្ធសាសនា។ សម្តេចបន្តថា ថវិកាដែលចំណាយលើការជួសជុល និងការកែលម្ហមហាកុដិ ដោយគិតចាប់តាំងពីដើមទីមក រហូតដល់រួចរាល់ មានចំនួនជាង១លានដុល្លារ ហើយអ្នកចេញមុខឧបត្ថម្ភ គឺលោក ជា ចាន់តូ អតីតប្រធានធនាគារជាតិ និងលោក ចម ប្រសិទ្ធ បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បូករួមទាំងការបរិច្ចាគរបស់ប្រជាពុទ្ធបរិស័ទទូទៅផងដែរ៕

You might like