ក្រសួងបរិស្ថានកម្ពុជាបើកកិច្ចប្រជុំលើកដំបូងជាមួយប្រទេសអាស៊ីចំនួន៥ រកវិធានការការពារសត្វត្មាតពីការផុតពូជ

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា រួមទាំងបណ្តាប្រទេសចំនួន៥ បានរៀបចំកិច្ចប្រជុំពិភាក្សាគ្នារយៈពេល៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីសិក្សា រកដំណោះស្រាយធ្វើយ៉ាងណាបង្កាសត្វត្មាតពីការផុតពូជ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

បើតាមក្រសួងបរិស្ថាន កិច្ចប្រជុំប្រចាំឆ្នាំស្តីពីការអភិរក្សសត្វត្មាតនេះ គឺជាការរៀបចំលើកដំបូងរបស់កម្ពុជា ជាមួយក្រុមអ្នកជំនាញ អ្នកសិក្សាពីការត្រៀមបង្កាត់ពូជសត្វត្មាត និងអ្នកអភិរក្សនៃប្រទេសមានវត្តមានសត្វត្មាតចំនួន៥ រួមមាន៖ បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។ ដើម្បីផ្តល់ឱកាសឱ្យក្រុមអ្នកអភិរក្សបរិស្ថានជាតិ និងអន្តរជាតិ រៀបចំផែនការសកម្មភាព ដើម្បីដោះស្រាយ និងការពារសត្វត្មាតពីការគំរាមកំហែងនានា។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន  
លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន  

ថ្លែងក្នុងកិច្ចសន្ទនា លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកវេទិកានេះ ជាឱកាសដ៏សំខាន់មួយអាចឱ្យអ្នកជំនាញ បង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈម និងយុទ្ធសាស្ត្រនានា ដើម្បីធានាបាននូវអនាគតដែលមានសុវត្ថិភាពសម្រាប់សត្វត្មាតជិតផុតពូជនៅក្នុងពិភពលោក។ លោកបានគូសបញ្ជាក់ថា៖«កម្ពុជា គឺជាក្ដីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនសត្វត្មាតបានធ្លាក់ចុះពាក់កណ្តាល ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ»។

គួរបញ្ជាក់ថា កាលពីកំលុងខែកញ្ញាឆ្នាំ២០២៤ កម្ពុជាទើបតែតាមដាន និងកត់ត្រាឃើញមានចំនួនសត្វត្មាតដល់ទៅចំនួន១២៧ក្បាលរស់នៅ «ភោជនីយដ្ឋានត្មាត» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង ខណៈនេះជាចំនួនច្រើនបំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ ទោះជាយ៉ាងណា ចំនួនរបស់ពពួកសត្វត្មាតទាំងនោះ បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះបើតាម USAID មរតកបៃតង៕

You might like