ក្រុមហ៊ុនធំៗនៅអឺរ៉ុបនិងសន្យាបង្កើនការបញ្ជាទិញផលិតផលវាយនភណ្ឌពីកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ ក្រុមហ៊ុនធំនៅក្នុងទីផ្សារអឺរ៉ុប បានលើកសរសើរដោយមានការពេញចិត្ត​ ពេញថ្លើម ហើយបានសន្យាថានឹងជួយបង្កើនការបញ្ជាទិញផលិតផលវាយនភណ្ឌ កាត់ដេរ បន្ថែមទៀតពីប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ការសន្យារបស់ក្រុមអ្នកបញ្ជាទិញធំៗនៅទីផ្សារអឺរ៉ុប ធ្វើឡើងក្នុងឱកាសមន្រ្តីជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោក សោម​ ចំណាន​ រដ្ឋលេខាធិការក្រសួងការងារ អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលសម្រាប់អ្នកធ្វើគោលនយោបាយ និងវេទិកា ស្តីពីខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ប្រកបដោយការទទួលខុសត្រូវ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ក្នុងកិច្ចពិភាក្សា លោក សោម ចំណាន បានរំលេចពីភាពលេចធ្លោរបស់កម្ពុជា ក្នុងការលើកកម្ពស់ការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ប្រកបដោយការទទួលខុសត្រូវតាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់លក្ខខណ្ឌការងារជាមួយពាណិជ្ជកម្មអន្តរជាតិ, ការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO BFC) ដែលត្រូវបានយកធ្វើជាគំរូនៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀត។

ក្រៅពីនេះ ក៏នៅមានការគោរព និងលើកកម្ពស់សិទ្ធិរបស់អង្គការវិជ្ជាជីវៈកម្មករនិយោជិត និងនិយោជក, ការពង្រឹង និងពង្រីកការគាំពារសង្គមដល់កម្មករនិយោជិត និងអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិសន្តិសុខសង្គម,​ ការប្រកួតប្រជែង “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ជាពិសេស ការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧។ នាឱកាសនោះ ប្រតិភូកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយបណ្តាក្រុមហ៊ុនអ្នកបញ្ជាទិញធំៗមួយចំនួន ដូចជា PVH,​ H&M, ASOS, Primark, Tchibo ផងដែរ។ ពេលនោះហើយ ដែលអ្នកបញ្ជាទិញនីមួយៗសុទ្ធតែបង្ហាញការពេញចិត្តក្នុងការដាក់ការបញ្ជាទិញពីកម្ពុជា និងសន្យាថា..នឹងបង្កើនការបញ្ជាទិញបន្ថែមទៀត តាមរយៈការចុះកិច្ចព្រមព្រៀងមួយដែលធានាពីការបង្កើនការបញ្ជាទិញពីកម្ពុជា ព្រោះគេយល់ថា កម្ពុជាជាប្រទេសដែលមានការគោរពលក្ខខណ្ឌការងារ។សូមជម្រាបថា កិច្ចពិភាក្សាតុមូលសម្រាប់អ្នកធ្វើគោលនយោបាយ និងវេទិកា ស្តីពីខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ប្រកបដោយការទទួលខុសត្រូវ បានធ្វើឡើងកាលពីថ្ងៃទី១០-១២កុម្ភៈ នៅអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ប្រទេសបារាំង ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអង្គការ OECD, តំណាងរដ្ឋាភិបាលនៃប្រទេសដែលផ្គត់ផ្គង់ផលិតផលវាយនភ័ណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបទៅទីផ្សារអឺរ៉ុប, ក្រុមហ៊ុនអ្នកបញ្ជាទិញ, តំណាងនិយោជក, តំណាងសហជីព, អង្គការអន្តរជាតិ, និងអ្នកសិក្សាស្រាវជ្រាវ។ វេទិកានេះមានគោលបំណងពិភាក្សាអំពីការពង្រឹងការបញ្ជាទិញ និងការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌកាត់ដេរ ដោយផ្តោតលើការគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិការងារ និងការការពារបរិស្ថានប្រកបដោយចីរភាព ស្របតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីអាជីវកម្ម និងសិទ្ធិមនុស្ស៕

You might like