អន្តរជាតិះ- ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនឡើងយន្តហោះ Air Force One ឆ្ពោះទៅកាន់ទីក្រុង New Orleans ដើម្បីចូលរួមព្រឹត្តិការណ៍ National Football League Super Bowl កាលពីថ្ងៃអាទិត្យទី៩ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញជំហរថា លោកនឹងទិញយកតំបន់ហ្គាហ្សាមកគ្រប់គ្រងតែម្តង។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការចុះផ្សាយរបស់ Reuters, លោក ត្រាំ និយាយថា លោកនឹងទិញយកតំបន់នោះ ប៉ុន្តែក៏នឹងផ្តល់សិទ្ធិដល់រដ្ឋផ្សេងឲ្យចូលទៅអភិវឌ្ឍទីតាំងមួយចំនួននៃជ្រោយហ្គាហ្សាផងដែរ ដូច្នេះក្រុមសកម្មប្រយុទ្ធហាម៉ាស ច្បាស់ជាមិនត្រឡប់មកវិញឡើយ។ មិនត្រឹមប៉ុណ្ណឹង លោកត្រាំក៏បង្ហើបផងដែរថា សហរដ្ឋអាមេរិក នឹងទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន ប៉ុន្តែមានលក្ខខណ្ឌ។
– ការលើកឡើងរបស់លោកត្រាំ បានទទួលការថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់ក្រុមហាម៉ាស ដោយពួកគេអះអាងថា «ហ្គាហ្សា មិនមែនជាទំនិញសម្រាប់លក់ដូរឡើយ។ នេះជាទឹកដីរបស់ប៉ាឡេស្ទីន ហើយប៉ាឡេស្ទីន នឹងរារាំងផែនការនេះឲ្យខាងតែបាន»។
– សូមជម្រាបជាថ្មី នេះមិនមែនទើបលើកដំបូងទេដែលលោក ត្រាំ បង្ហាញពីបំណងគ្រប់គ្រងតំបន់ហ្គាហ្សា។ ជាក់ស្តែង កាលពីសប្តាហ៍មុន ប្រមុខសេតវិមានក៏លើកឡើងដែរថា សហរដ្ឋអាមេរិកនឹងកាន់កាប់ជ្រោយហ្គាហ្សា ហើយអភិវឌ្ឍតំបន់នេះតាមរយៈការកសាងឡើងវិញ ដោះមីន បង្កើតការងារនិងស្តារសេដ្ឋកិច្ច។
– ហ្គាហ្សាគឺជាជ្រោយដ៏តូចមួយដែលមានផ្ទៃដីប្រហែល ៣៦៥គីឡូម៉ែត្រក្រឡា ជាប់ព្រំដែនអ៊ីស្រាអែលនិងអេហ្ស៊ីប ហើយម្ខាងទៀតបែរមុខទៅសមុទ្រមេឌីទែរ៉ាណេ។ វាជាទឹកដីមួយក្នុងចំណោមទឹកដីប៉ាឡេស្ទីនចំនួនពីរ ដែលមួយទៀតគឺ West Bank ជាប់ព្រំដែនហ្ស៊កដានី ប៉ុន្តែត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល។
– ហ្គាហ្សាស្ទ្រីប ត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បើកប្រតិបត្តិការប្រឆាំងក្រុមហាម៉ាស ជាការសងសឹកចំពោះការវាយឆ្មក់បង្ហូរឈាមលើទឹកដីអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ ២០២៣៕

