ប្រជានេសាទ ស្នើក្រសួងដាក់បញ្ចូល​ការនេសាទលៀសដោយប្រើប្រាស់ម៉ាស៊ីន ទៅក្នុងច្បាប់ជលផល

កំពង់ឆ្នាំង៖ ប្រជា​នេសាទដែលប្រកបរបរអូសលៀស នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានស្នើឱ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់បញ្ចូល​ការនេសាទលៀសដោយប្រើប្រាស់ម៉ាស៊ីន ទៅក្នុងច្បាប់ជលផល។ ការស្នើនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីជំនាញកសិកម្ម ដឹកនាំដោយលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម នាពេលថ្មីៗនេះ…។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងពិធីនោះ លោក ហាស់ សារ៉េត បាន​អនុញ្ញាត​​ឱ្យប្រជានេសាទលើកឡើងពីបញ្ហានានា ដែលកំពុងប្រឈមនៅក្នុងការប្រកបរបរនេសាទលៀស ហើយក្រសួងកសិកម្ម ជាសេនាធិការរាជរដ្ឋាភិបាល នឹងចូលរួម​ជួយ​ដោះស្រាយ​បញ្ហាប្រឈមទាំងនោះ​ជូនប្រជាជន។ តាមរយៈការពិភាក្សាយ៉ាងផុលផុស រវាងប្រជានេសាទ គណៈអធិបតី និងជំនាញជលផល ប្រជានេសាទបានបង្ហាញការយល់ថា យុទ្ធនាការ​បង្ក្រាបបទល្មើសនេសាទអូសលៀសដោយប្រើម៉ាស៊ីន ពីសំណាក់​កងអន្តរាគមន៍ គឺជាការអនុវត្តត្រឹមត្រូវតាមច្បាប់។ លើសពីនេះ ប្រជាពលរដ្ឋដែលជាប្រជានេសាទបានស្នើសុំរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ដាក់បញ្ចូល​ការនេសាទលៀសដោយប្រើប្រាស់ម៉ាស៊ីន ទៅក្នុងច្បាប់ជលផល តាមបច្ចេកទេស ដោយមានកំណត់ទីតាំង និងពេលវេលា​ច្បាស់លាស់។ ទាំងប្រជានេសាទ និងអ្នកប្រមូលទិញលៀស ក៏បានស្រុះស្រួលមតិគ្នា ដោយសន្យាមិនអូស និងមិនប្រមូលទិញលៀសតូចៗនោះទេ។

យ៉ាងណាក លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានពន្យល់បន្ថែមទៅកាន់ប្រជានេសាទថា ការរឹតបន្តឹការអនុវត្តច្បាប់របស់កម្លាំងអន្តរាគមន៍ និងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើឡើងក្នុងគោលដៅថែរក្សាធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយ។ ដូច្នេះការងារនេះ មិនអាចសម្រេចបានទេ បើគ្មានការចូលរួមពីប្រជានេសាទ ប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់កំណត់ ដោយធ្វើឡើង​ចេញពីបេះដូង​ ដើម្បីរក្សានិរន្ដរភាពធនធាននិងសម្បត្តិធម្មជាតិរបស់កម្ពុជា៕

You might like