អន្តរជាតិះ- ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែល នឹងប្រគល់ហ្គាហ្សាមកឲ្យអាមេរិកក្រោយចប់សង្គ្រាម ហើយទីក្រុងវ៉ាស៊ីនតោន ក៏មិនចាំបាច់បញ្ជូនទ័ពទៅទីនោះដែរ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មុនសេចក្តីប្រកាសនេះ ប្រធានាធិបតីអាមេរិកបានបង្ហើបផែនការគ្រប់គ្រងជ្រោយហ្គាហ្សារួចទៅហើយ ដ្បិតរងពាក្យរិះគន់ដូចទឹកបាក់ទំនប់ពីសំណាក់មេដឹកនាំអន្តរជាតិក៏ដោយ។ ក្នុងផែនការនោះ លោកត្រាំ នឹងអភិវឌ្ឍតំបន់នេះតាមរយៈការកសាងឡើងវិញ ដោះមីន បង្កើតការងារនិងស្តារសេដ្ឋកិច្ច ហើយអាចមានពលរដ្ឋប៉ាឡេស្ទីនច្រើននាក់ នឹងត្រូវប្តូរទៅនៅកន្លែងផ្សេង។
– ដូច្នេះហើយ ទើបលោកបង្ហោះសារថា «អ៊ីស្រាអែល នឹងប្រគល់តំបន់ហ្គាហ្សាស្ទ្រីប ឲ្យសហរដ្ឋអាមេរិក នៅពេលចប់ការប្រយុទ្ធ។ ប្រជាជនប៉ាឡេស្ទីន បានផ្លាស់ទៅនៅទីលំនៅថ្មីរួចហើយ ក្នុងសហគមន៍ដែលមានសុវត្ថិភាព និងស្រស់ស្អាតជាងមុន ជាមួយនឹងផ្ទះថ្មី និងទំនើបនៅក្នុងតំបន់។ មិនចាំបាច់ត្រូវការទាហានអាមេរិកឡើយ!
– ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញការលើកឡើងរបស់លោកត្រាំ ភាគីអ៊ីស្រាអែល មិនទាន់និយាយអ្វីឡើយ ប៉ុន្តែមុននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រលយពាក្យថា មិនមានអ្វីខុសឆ្គងទេដែលលោក ត្រាំ មានគំនិតចង់បម្លាស់ទីប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សានោះ។
– សូមជម្រាបថា ហ្គាហ្សាគឺជាជ្រោយដ៏តូចមួយដែលមានផ្ទៃដីប្រហែល ៣៦៥គីឡូម៉ែត្រក្រឡា ជាប់ព្រំដែនអ៊ីស្រាអែលនិងអេហ្ស៊ីប ហើយម្ខាងទៀតបែរមុខទៅសមុទ្រមេឌីទែរ៉ាណេ។ វាជាទឹកដីមួយក្នុងចំណោមទឹកដីប៉ាឡេស្ទីនចំនួនពីរ ដែលមួយទៀតគឺ West Bank ជាប់ព្រំដែនហ្ស៊កដានី ប៉ុន្តែត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល។
– ហ្គាហ្សាស្ទ្រីប ត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បើកប្រតិបត្តិការប្រឆាំងក្រុមហាម៉ាស ជាការសងសឹកចំពោះការវាយឆ្មក់បង្ហូរឈាមលើទឹកដីអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ ២០២៣៕
