មន្ទីរសុខាភិបាលអំពាវនាវឱ្យពលរដ្ឋព្យាយាមសម្អាតជុំវិញផ្ទះ កុំពឹងតែលើថ្នាំសម្លាប់មូស​

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៥  ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នើឱ្យពលរដ្ឋចូលរួមសម្អាតសំរាម ក៏ដូចជាព្រៃនៅបរិវេណជុំវិញផ្ទះ ដោយកុំពឹងតែលើថ្នាំសម្លាប់មូស​ ខាងសុខាភិបាល និងប្រជាពលរដ្ឋ បានសង្កេតឃើញចំនួនមូសមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលមានចំនួនមូសច្រើនជាងឆ្នាំណាៗទាំងអស់ ហើយក៏ជាឆ្នាំដែលមន្ទីរបានប្រើប្រាស់ថ្នាំសម្លាប់មូសអស់ច្រើនជាងឆ្នាំមុនៗដែរ។ លោកថា៖«រាល់ឆ្នាំពូបាញ់ឆ្នាំមូសអស់តែ១ពាន់លីត្រទេ ៧ទៅ៨ឆ្នាំចុងក្រោយនេះ គឺមួយឆ្នាំអស់១ពាន់លីត្រៗ ប៉ុន្តែដោយឡែក២០២៤ ហើយបូក១ខែមករា ឆ្នាំ២០២៥ បានន័យថា១៣ខែនេះ ខ្ញុំប្រើអស់ថ្នាំជាង២ពាន់លីត្រហើយ អ៊ីចឹង..គិតទៅទ្វេដងនៃរាល់ឆ្នាំ [..] អ៊ីចឹងមូសច្រើន!»។ ដោយមើលឃើញបញ្ហានេះ លោកលើកឡើងថា ការប្រើត្រឹមតែថ្នាំបាញ់តែមួយមុខ មិនអាចកម្ចាត់មូសបានទាំងស្រុងនោះទេ គឺត្រូវតែប្រើប្រាស់គ្រប់វិធីទាំងអស់ ដែលជាមូលហេតុបណ្តាឱ្យកើតមានមូស ដូចជាកាប់ចោលព្រៃក្រាស់ៗ លុបកន្លែងដែលមានទឹកដក់ ឬសម្អាតគ្រប់កន្លែងនៅជុំវិញបរិវេណផ្ទះ។

លោកពន្យល់ថា៖«អ៊ីចឹងយើងត្រូវសម្អាតកន្លែងហ្នឹង បរិស្ថានជុំវិញផ្ទះ គេហដ្ឋាន ដីឡូតិ៍ទុកចោលមានស្មៅ មានព្រៃមានអីកាត់ចោលឱ្យអស់ សម្អាតឱ្យអស់ ហ្នឹងចង់និយាយថាបំបាត់ជម្រកមូស។ ធ្វើវិធីហ្នឹងបានប្រើទៅចំណេញ ការកាប់ព្រៃឆ្កាកុំឱ្យមានជម្រកមូសហ្នឹង គឺជារឿងដែលសហគមន៍ម្នាក់ៗចូលរួម ធ្វើទៅស្អាតទាំងអស់គ្នា ហើយជួយកាត់បន្ថយមូស»។ ករណីនេះ​លោកមិនចង់ឱ្យពលរដ្ឋពឹងតែទៅលើថ្នាំបាញ់មូសតែម៉្យាង ពោលគឺចង់ឱ្យចូលរួមជាមួយមន្ទីរសុខាភិបាល សម្អាតបរិវេណផ្ទះរៀងៗខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤កុម្ភៈ ឆ្នាំ២០២៥ ក្រសួងសុខាភិបាល ក៏បានសេចក្ដីក្រើនរំឭកដោយណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងប្រកាន់ខ្ជាប់ឱ្យបានតាមវិធានការ៥ ក្រោយសង្កេតឃើញថា មានការកើនឡើង។ ក្រសួងបញ្ជាក់ថា ការកើនឡើងនេះបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលផ្តល់លទ្ធភាពក្នុងការបង្កាត់ពូជ ការកកើតមូស និងបម្លាស់ទីនៃមូស ភាគច្រើនបំផុតជាប្រភេទមូសអង្កាម ដែលកំពុងកើតមានអំឡុងពេលរដូវប្រាំងគិតចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា៕

You might like