អាហ្សង់ទីនជា ប្រទេសទី១ ដកខ្លួនចេញពី WHO តាមអាមេរិក

អន្តរជាតិះ- អាហ្សង់ទីនបានក្លាយជាប្រទេសដំបូងគេ ដែលដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) តាមសហរដ្ឋអាមេរិក ក្រោមហេតុផលថា ស្ថាប័ន UN​ មួយនេះមានគោលនយោបាយចម្រូងចម្រាស់ ជាពិសេសអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩តែម្តង។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី៥ខែកុម្ភៈឆ្នាំ២០២៥, លោកប្រធានាធិបតី Javier Milei បានប្រកាសពីការសម្រេចចិត្តនេះ ដោយនិយាយថា WHO បរាជ័យយ៉ាងធំក្នុងការដោះស្រាយជាមួយវិបត្តិកូវីដ១៩។ ការធ្វើចត្តាឡីស័កអូសបន្លាយពេល បានបង្កអន្តរាយដល់សេដ្ឋកិច្ចអាហ្សង់ទីន។ មិនត្រឹមប៉ុណ្ណឹង វិធានការរឹតត្បិតដែលដាក់ដោយរដ្ឋបាលមុនក្រោមការគាំទ្រពី WHO បានបណ្តាលឲ្យមនុស្ស ១៣០ ០០០នាក់ស្លាប់ទៀតផង។

– កាលពីខែមុន គ្រាន់តែចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ភ្លាម លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដកខ្លួនចេញពី WHO ដោយលើកហេតុផលស្រដៀងគ្នានេះ។

– នោះគឺជាលើកទីពីរហើយ ដែលលោក ត្រាំ ដកអាមេរិកចេញពី WHO ដោយលើកដំបូងគឺក្នុងឆ្នាំ២០២០ ដែលកាលនោះលោកចោទថា ស្ថាប័ន UN មួយនេះ បានជួយប្រទេសចិន លាក់បាំងប្រភពដើមនៃជំងឺកូវីដ១៩។ យ៉ាងណា អាមេរិកបានចូល WHO វិញ ពេលលោក បៃដិន ឡើងកាន់អំណាច។

– អាមេរិក ធ្លាប់ជាប្រទេសផ្តល់ជំនួយធំបំផុតរបស់ WHO ពោលគឺបានរួមចំណែកជាទឹកប្រាក់ជិត ៩៥០លានដុល្លារក្នុងឆ្នាំ២០២៤ ស្មើនឹង១៥% នៃថវិកាសរុបរបស់ទីភ្នាក់ងារនេះ៕

 

 

You might like