ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៤កុម្ភៈ បានសម្រេចបន្តគាំទ្រជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា ដើម្បីអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនសម្រាប់ឆ្នាំ២០២៤-២០២៨…។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ការសម្រេចបន្តបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងាររវាង លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ឃ្លែរ ខូណាន់ នាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក។ កិច្ចប្រជុំធ្វើឡើងដើម្បីពិភាក្សាលើសំណើសុំបន្តការគាំទ្រផ្គត់ផ្គង់អង្ករ និងថវិកា ពីរាជរដ្ឋាភិបាលកម្ពុជាដល់កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្រោមគម្រោងកម្មវិធីផ្តល់អាហារតាមសាលារៀន។ ក្នុងឱកាសនោះ លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើការកាត់បន្ថយភាពក្រីក្រ និងផ្តល់អាទិភាពដល់ការវិនិយោគលើមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះ ឈានទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។

ចំពោះបញ្ហានេះ លោកគូសបញ្ជាក់ដោយបង្ហាញថា៖«នឹងចូលរួមសម្របសម្រួលនូវរាល់ដំណើរការ ក្នុងការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនឱ្យទទួលបានជោគជ័យកាន់តែត្រចះត្រចង់[..]ប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលដៅធានាឱ្យបានថា កុមារគ្រប់រូបមានឱកាសទទួលបានសុខភាព និងអាហារប្រកបដោយជីវជាតិតាមសាលារៀន»។ លោកក៏បានថ្លែងអំណរគុណដល់កម្មវិធីស្បៀងអាហារពិភពលោក ដែលបន្តជួយគាំទ្រដល់ផ្នែកបច្ចេកទេស និងរួមចំណែក ជំរុញឱ្យកម្មវិធីផ្តល់អាហារតាមសាលារៀន ដំណើរការទៅដោយរលូន។

គួរបញ្ជាក់ថា កម្មវិធីស្បៀងអាហារពិភពលោក នៅដំណាក់កាលដំបូងត្រូវបានបង្កើតឡើងសម្រាប់រយៈពេល៤ឆ្នាំ (២០២២-២០២៥)។ ដោយឡែក កម្មវិធីផ្តល់អាហារតាមសាលារៀន បានប្រើប្រាស់កសិផលសហគមន៍សម្រាប់ចម្អិនអាហារជូនសិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ នាពេលព្រឹកមុនចូលរៀន។ គិតត្រឹមចុងឆ្នាំ២០២៤ កម្ពុជាមានសាលារៀនចំនួន១១១៤ បាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារនេះ៕

