ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសដូចដើមវិញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីប្រកាសបានត្រឹម១សប្តាហ៍ ថានឹងផ្អាក។ នេះបើតាមលិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ផ្ញើជូនទៅគ្រប់ប្រធានមន្ទីរអប់រំតាមរាជធានី-ខេត្ត ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងលិខិតរបស់ខ្លួន លោករដ្ឋមន្រ្តី បានប្រាប់ប្រធានមន្ទីរថា ក្រសួង នឹងចេញសេចក្តីណែនាំតាមក្រោយ អំពីបច្ចេកទេសក្នុងការរៀបចំប្រឡងសិស្សពូកែ ទាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ទាំងក្នុងក្របខ័ណ្ឌថ្នាក់ខេត្តនីមួយៗ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ យ៉ាងណា លោករដ្ឋមន្រ្តី ពុំបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានការសម្រេចចិត្តក្នុងការរៀបចំប្រឡងនេះឡើងវិញនោះទេ។

ដោយសារជាប់ប្រជុំ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ សុំមិនធ្វើអត្ថាធិប្បាយឡើយ ជុំវិញការសម្រេចរបស់ក្រសួងឱ្យមានការប្រឡងសិស្សពូកែទូទាំងប្រទេសឡើងវិញ។ លោកស្រីរដ្ឋលេខាធិការ ស្នើឱ្យទៅសួរអ្នកនាំពាក្យ។ មុនហៅទូរសព្ទទៅលោកស្រី គឹម សេដ្ឋានី អង្គភាព SBM News បានហៅទូរសព្ទពីរបីដងទៅកាន់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ប៉ុន្តែលោកស្រី ពុំបានលើកទូរសព្ទនោះទេ។
ជាការកត់សម្គាល់ ភ្លាមៗ ពេលឃើញក្រសួងអប់រំ ប្រកាសកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ អំពីការផ្អាកប្រឡងសិស្សពូកែទូទាំងប្រទេស សាធារណជនមួយចំនួន បាននាំគ្នាបញ្ចេញមតិតាមបណ្តាសង្គម ដោយបង្ហាញការមិនពេញចិត្តចំពោះការផ្អាកប្រឡងនេះ។ អ្នកទាំងនោះ ក៏បង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំងដែរថា ហេតុអ្វីបានជាក្រសួងផ្អាកប្រឡងសិស្សពូកែទាំងប្រទេស ខណៈសេចក្តីជូនដំណឹងរបស់ក្រសួង ពុំបានបញ្ជាក់ពីមូលហេតុ។ អ្នកមួយចំនួន បង្ហាញមតិចង់ឱ្យក្រសួងបន្តរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសដូចមុនដដែល៕
