អន្តរជាតិ- ជាថ្មីម្តងទៀត ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសកាណាដា ចូលរួមជាមួយសហរដ្ឋអាមេរិកមកក្នុងនាមជារដ្ឋទី៥១ ព្រោះថា បើពួកគេព្រមមែន នោះមិនចាំបាច់ខ្វល់រឿងបង់ពន្ធអ្វីទេ។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី២ខែកុម្ភៈឆ្នាំ២០២៥។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– គ្រាន់តែឡើងកាន់តំណែងភ្លាម ប្រធានាធីបតីអាមេរិក បានដើរបង្កជម្លោះពាណិជ្ជកម្មជាមួយប្រទេសជាច្រើនដូចជាចិន ម៉ិកស៊ិក និងកាណាដានេះជាដើម ហើយក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី២ខែកុម្ភៈ លោក ត្រាំ ប្រកាសថា «យើងចំណាយប្រាក់រាប់ពាន់លាន ដើម្បីឧបត្ថម្ភធនដល់កាណាដា។ ហេតុអ្វី? បើគ្មានការគាំទ្រពីអាមេរិកទេ អ្នកជិតខាងភាគខាងជើងមួយនេះ ច្បាស់ជាលំបាកហើយដើម្បីក្លាយជារដ្ឋឋិតថេរមួយ។ ដូច្នេះជាដំណោះស្រាយ យើងសន្យាថា នឹងយកពន្ធទាប និងផ្តល់ការការពារផ្នែកយោធាកាន់តែប្រសើរសម្រាប់ប្រជាជនកាណាដា ហើយមិនមានពន្ធគយទៀតទេ»។
– នៅដើមឆ្នាំនេះ លោក ត្រាំ បានបង្ហាញគំនិតចង់ដាក់បញ្ចូលប្រទេសកាណាដា ជារដ្ឋទី៥១របស់អាមេរិក ដោយប្រើការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ដើម្បីសម្រេចបំណងនេះ។ លោកត្អូញត្អែរជាយូរមកហើយអំពីអតិរេកពាណិជ្ជកម្មរបស់កាណាដាជាមួយសហរដ្ឋអាមេរិក ហើយបានប្រាប់អ្នកកាសែតថា ព្រំដែនគ្រាន់តែជា «បន្ទាត់ដែលគូរដោយសិប្បនិម្មិត» ប៉ុណ្ណោះ។
– បើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក, ឱនភាពពាណិជ្ជកម្មសរុបរបស់អាមេរិកនៅក្នុងទំនិញ និងសេវាកម្មជាមួយកាណាដា មានចំនួន ៤០.៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ឱនភាពនេះ ត្រូវបានជំរុញដោយការនាំចេញថាមពល ដោយអាមេរិកទិញប្រេងឆៅពីកាណាដាច្រើនជាង ៤លានបារ៉ែលក្នុងមួយថ្ងៃៗក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅ។
– នេះក៏មិនមែនជារឿងថ្មីដែរ ដែលប្រធានាធិបតីអាមេរិកទី៤៧ បង្ហាញចេតនាពង្រីកទឹកដី ពោលគឺលោកត្រាំ ចង់ទិញយកកោះ Greenland និងគ្រប់គ្រងព្រែកជីក Panama ទៀតផង ដោយលើកឡើងពីភាពចាំបាច់ផ្នែកសន្តិសុខជាតិ។ យ៉ាងណាក្តី សំណើទាំងនេះ ត្រូវបានគេបដិសេធដោយរដ្ឋាភិបាលប៉ាណាម៉ា និងដាណឺម៉ាក យ៉ាងដាច់អហង្ការ៕
