ខេត្តរតនគិរី៖- ប្រជាពលរដ្ឋនៅភូមិយ៉ាសោម ឃុំស៉ើង ស្រុកបរកែវ ៣នាក់បានស្លាប់ និងកំពុងជួយសង្គ្រោះបន្ទាន់ ២នាក់ទៀត សង្ស័យពុលស្រា.ស ។
– លោក ញ៉ែម សំអឿនអភិបាលខេត្ត បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់បិទទីតាំងផលិតស្រា.ស នៅទូទាំងខេត្ត ដោយរង់ចាំលទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យសិន។នេះបើយោងតាមរបាយការណ៍ ពីក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– របាយការណ៍ដដែលបានបញ្ជាក់ថា នៅវេលាម៉ោង១២និង០៦នាទី ថ្ងៃដដែល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានទទួលព័ត៌មាន ពីក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី គឺមានករណីសង្ស័យពុលម្ហូបអាហារមួយ ករណី សរុបចំនួន ៥នាក់ ក្នុងនោះមាន ៣នាក់បានស្លាប់ និង២នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
– អ្នកស្លាប់ទាំង៣នាក់នោះ ទី១-ភេទប្រុស អាយុ៧៨ឆ្នាំ ទី២-ភេទប្រុស អាយុ៦០ឆ្នាំ និងទី៣-ភេទស្រី អាយុ៥៤ឆ្នាំ។
– ដោយឡែកអ្នកជំងឺដែលកំពុងសម្រាកពេទ្យនោះ ម្នាក់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និង១នាក់ទៀត កំពុងសម្រាកនៅព្យាបាលនៅមន្ទីរពេទ្យបង្អែកបរកែវ។ អ្នកជំងឺមានរោគសញ្ញាដូចជា៖ ឈឺពោះ ក្អួត ថប់ដង្ហើម និងស្រវាំងភ្នែកជាដើម។
– តាមការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី និងអាជ្ញាធរមូលដ្ឋាន បានធ្វើការសន្និដ្ឋានដោយដាក់ការសង្ស័យថា ការឈឺរបស់អ្នកជំងឺ អាចបណ្ដាលមកពីការពុលម្ហូបអាហារ(ស្រា.ស)។
– បច្ចុប្បន្ន ក្រុមការងារខេត្តបានប្រមូលសំណាកម្ហូបអាហារ (ស្រា.ស) និងលាមកអ្នកជំងឺ បញ្ជូនមកមន្ទីរពិសោធន៍ដើម្បីត្រួតពិនិត្យ។ ជាមួយគ្នានេះផងដែរ ក្រុមការងារបានផ្តល់សារអប់រំដល់អ្នកជំងឺ និងអ្នកកំដរអំពីសុវត្ថិភាពម្ហូបអាហារ និងបន្តតាមដាន អ្នកដែលបានបរិភោគហើយ តែមិនទាន់ចេញរោគសញ្ញា៕

