គ្រូពេទ្យជំនាញប្រទេសកូរ៉េ ៣០នាក់ មកព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋក្រុងសិរីសោភ័ណ

បន្ទាយមានជយ័៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសកូរ៉េ៣០នាក់ បានចុះមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ដោយមិនគិតថ្លៃក្នុងរយៈពេល៣ថ្ងៃ តាមរយៈអង្គការហាឆាន់ខាំ (HA CHAN CAM)។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ការចុះមកពិនិត្យជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃនេះ រៀបចំឡើងនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ការព្យាបាលនេះ មានរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ហើយក្នុងនោះ មានការចូលរួមព្យាបាលពីគ្រូពេទ្យជនជាតិកូរ៉េចំនួន៣០នាក់ ដោយផ្តោតសំខាន់ទៅលើការពិនិត្យផ្នែកខាងក្នុងរាងកាយ វះកាត់ផ្នែកកុមារ ផ្នែកសរីរាង្គ និងបញ្ហាភ្នែកចំពោះមនុស្សចាស់ជាដើម។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត Kim Young Og តំណាងឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់បានសម្ដែងនូវសេចក្តីរីករាយ ដែលបានធ្វើសកម្មភាពមនុស្សធម៌ ជាពិសេសបានមកព្យាបាល និងចូលរួមលើកកម្ពស់សុខុមាលភាពជូនពលរដ្ឋកម្ពុជា។ ដោយឡែក អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការហាឆាន់ខាំ ដែលបានចុះមកពិនិត្យព្យាបាលជំងឺជូនពលរដ្ឋកម្ពុជា ជាក់ស្តែងដូចនៅក្រុងសិរីសោភ័ណ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណ: ហើយមានបំណងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបន្ថែមទៀត។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ក្រុមគ្រូពេទ្យអង្គការហាឆាន់ខាំ បានមកព្យាបាលជំងឺជូនពលរដ្ឋក្រុងសិរីសោភណ្ឌចំនួន៣លើករួចមកហើយ៕

You might like