ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងផ្តល់ដីចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន៥០០គ្រួសារ នៅជំហានទី១ ដែលមានទីតាំងស្ថិតនៅស្រុកសេសាន្ត ខេត្តស្ទឹងត្រែង…។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ដោយយោងតាមសេចក្តីប្រកាសព័ត៌មានក្នុងកម្មវិធី «ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដោយលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ហៅកាត់ (ផ.ក.អ.)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានខាងលើ ការ«ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នេះ ចែកចេញជា៥ដំណាក់កាលរួមមាន៖ ទី១.ដំណាក់កាលរៀបចំ, ទី២.ដំណាក់កាលបច្ចេកទេស, ទី៣.ដំណាក់កាលពិនិត្យភាពសមស្រប(រយៈពេល៧២ថ្ងៃ), ទី៤.ដំណាក់កាលពិនិត្យសម្រេច និងផ្តល់សុពលភាព, និងទី៥.ដំណាក់កាលផ្តល់ដីការពារព្រៃ និងការអភិវឌ្ឍ។ ចំពោះដំណាក់កាលរៀបចំ គឺរដ្ឋបានកំណត់ទីតាំងដីនៅចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមមួយ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង សម្រាប់ជំហានទី១ ដោយគ្រោងអនុវត្តជូនប្រជាពលរដ្ឋដែលបានដាក់សំណើស្នើសុំស្របតាមគោលការណ៍បច្ចេកទេសរបស់ ផ.ក.អ. ចំនួន៥០០គ្រួសារ ដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន ផ.ក.អ.។

លេខាធិកាដ្ឋានគូសបញ្ជាក់បន្ថែមថា ផ.ក.អ.បានរៀបចំកញ្ចប់ផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ២៥រាជធានី-ខេត្តរួចរាល់ហើយ ដោយមានអ្នកចូលរួមប្រមាណ៣២៧២នាក់ ចាប់ពីតាំងថ្ងៃទី១៥ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដើម្បីផ្តល់ព័ត៌មានពីកម្មវិធី, ការធ្វើលិខិតស្វ័យប្រកាស, ការដាក់និងទទួលពាក្យ, លក្ខណៈសម្បត្តិនិងកាតព្វកិច្ចអ្នកស្នើសុំដី, ក្រុមការងារចំពោះកិច្ចក្នុងការឆ្លុះបញ្ចាំងអ្នកស្នើសុំដី និងរបៀបរបបនៃការងាររដ្ឋបាលថ្នាក់ក្រោមជាតិ។ រីឯ៤ដំណាក់កាលផ្សេងទៀត អាជ្ញាធរនឹងផ្តោតលើកិច្ចការរៀបចំដីធ្លី និងរើសបុគ្គលមានសិទ្ធិទទួលដី។ ការចុះបញ្ជីដីរដ្ឋ, ការរៀបចំផែនការប្រើប្រាស់ដី, ការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការបែងចែកដីឡូតិ៍លម្អិត, ការឈូសឆាយទីតាំងបោះបង្គោលព្រំទីតាំង និងដីឡូតិ៍ ជាដើម។ល។

ចំពោះការរើសបុគ្គលមានសិទ្ធិទទួលដី អាជ្ញាធរនឹងធ្វើការជូនដំណឹងរយៈពេល៣០ថ្ងៃ ក្រោយពីបានដាក់ពាក្យរយៈពេល២០ថ្ងៃនៅសាលាឃុំ-សង្កាត់ ដែលសាមីខ្លួនរស់នៅអចិន្ត្រៃយ៍ ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធររដ្ឋបាលឃុំ-សង្កាត់ដែលខ្លួនរស់នៅនោះផងដែរ។ សម្រាប់ការទទួលពាក្យ គឺចាប់ផ្តើមពីថ្ងៃផ្សព្វផ្សាយនៃថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥…៕



