ក្រសួងវប្បធម៌បានដាក់(បទប៉ាឡេឡៃ)ជាកម្មសិទ្ធិ របស់លោកស្រី សូ សាវឿន និងមានបទ៤១ទៀត

ភ្នំពេញ៖ រាជនីសំឡេងរៃកណ្ដឹង លោកស្រី សូ សាវឿន ជាអ្នកចម្រៀងដ៏ល្បីល្បាញតាំងពីជំនាន់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត និងជំនាន់រាជនីម្ចាស់កោះអន្លង់ស្នេហ៍ លោកស្រី រស់ សេរីសុទ្ធា នឹងទទួលបានសិទ្ធិគ្រប់គ្រងលើបទច្រៀងដែលមានចំណងជើង «ប៉ាឡេឡៃ» ជាបទដ៏មានប្រជាប្រិយភាពមួយក្នុងចំណោមបទដទៃទៀតរបស់លោកស្រី។ បទប៉ាឡេឡៃនេះ ជាបទបែបប្រជាប្រិយ ដែលលោកស្រី សូ សាវឿន និងអធិរាជសំឡេងមាស ច្រៀងរួមគ្នា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

រូបពីយូធូប៖ Vatha Mak

ក្រៅពីបទប៉ាឡេឡៃ លោកស្រី សូ សាវឿន នឹងទទួលបានសិទ្ធិគ្រប់គ្រងបទចម្រៀង៤១ទៀត ដែលភាគច្រើនជាបទប្រភេទបែបប្រជាប្រិយ ហើយក្នុងចំណោមបទទាំង៤១នោះ មានបទល្បីៗមួយចំនួន ដែលលោកអ្នកប្រហែលជាធ្លាប់ស្តាប់ ដូចជា បទលលកវាយំ និងបទជូនអូនទៅម៉ែ ជាដើម។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាស្ថាប័នដែលសម្រេចថា នឹងផ្តល់សិទ្ធិដល់លោកស្រី សូ សាវឿន ក្នុងការទទួលយកចម្រៀងទាំង៤២បទនេះធ្វើជាកម្មសិទ្ធិ តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃ២៣ ខែមករា ឆ្នាំ២០២៥។

តារាសម្តែងជំនាន់ដើម លោកស្រី ឌី សាវេត (ឆ្វេងដៃ) និងលោកស្រី សូ សាវឿន ស្ថិតក្នុងសន្និសីទកាលពីអំឡុងខែសីហា ឆ្នាំ២០២៤ ស្តីពីការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងដែលជាស្នាដៃរបស់លោក កែវ ឯម (រូបពីវីដេអូ៖ ដំណឹងខ្មែរ)។  
តារាសម្តែងជំនាន់ដើម លោកស្រី ឌី សាវេត (ឆ្វេងដៃ) និងលោកស្រី សូ សាវឿន ស្ថិតក្នុងសន្និសីទកាលពីអំឡុងខែសីហា ឆ្នាំ២០២៤ ស្តីពីការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងដែលជាស្នាដៃរបស់លោក កែវ ឯម (រូបពីវីដេអូ៖ ដំណឹងខ្មែរ)។  

ក្នុងសេចក្តីជូនដំណឹង ក្រសួងវប្បធម៌អះអាងថា ការសម្រេចនឹងប្រគល់ចម្រៀងទាំង៤២បទខាងលើជូនទៅលោកស្រី សូ សាវឿន ធ្វើឡើងបន្ទាប់ពីមានការស្នើសុំផ្ទាល់ពីលោកស្រីនាពេលកន្លងមក។ បើតាមក្រសួងវប្បធម៌ដដែល លោកស្រី សូ សាវឿន ស្នើសុំសិទ្ធិគ្រប់គ្រង ដោយសំអាងថា ចម្រៀងទាំង៤២នេះ គឺជាស្នាដៃនិពន្ធរបស់ស្វាមីលោកស្រី គឺកវី កែវ ឯ​ម។ «ឆ្លងតាមការសិក្សាស្រាវជ្រាវ ក្រសួងបានពិនិត្យឃើញថា បទចម្រៀង៤២បទនេះ គឺជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយលោក កែវ ឯម» នេះគឺជាការបញ្ជាក់របស់ក្រសួងវប្បធម៌។

សូមរំលេចពីលោក កែវ ឯម បន្តិចថា លោកពុំមែនគ្រាន់តែជាកវីនោះទេ តែក៏ជាតន្រ្តីករដ៏ចំណានផងដែរ ដោយលោកអាចលេងឧបករណ៍តន្រ្តីច្រើនប្រភេទ ជាពិសេសស្ទាត់ជំនាញខាងលេងព្យាណូ រហូតគេហៅលោកថាជា ជើងឯកព្យាណូ។ ចំពោះការតែងនិពន្ធវិញ លោកមានទេពកោសល្យទាំងការតែងទំនុងច្រៀង ទាំងការតែងបទភ្លេង។

លោក កែវ ឯម តន្រ្តីករជើងឯកព្យាណូ និងជាកវីនិពន្ធ
លោក កែវ ឯម តន្រ្តីករជើងឯកព្យាណូ និងជាកវីនិពន្ធ

គួរជម្រាបដែរថា ក្នុងចំណោមចម្រៀងទាំង៤២បទខាងលើ មានបទ១ គឺបទលលកវាយំ ត្រូវលោក សេង តារា អ្នកស្រាវជ្រាវចងក្រងសៀវភៅអំពីប្រវត្តិសិល្បករជំនាន់ដើម ធ្លាប់អះអាងថាជាបទដែលនិពន្ធដោយកវី វ៉ែន សុន ដែលមានឈ្មោះដើមថា រិត សុន្ទសារី។ មានឯកសារសល់ពីសង្គមចាស់ ដែលត្រូវបានគេយកមកផ្សព្វផ្សាយនិងបង្ហោះលើបណ្តាញសង្គម ក៏បង្ហាញដែរថា បទលលកវាយំ ជាទំនុកច្រៀងដែលនិពន្ធដោយលោក វ៉ែន សុន ហើយលោក កែវ ឯម ជាអ្នកដឹកនាំវង់ភ្លេង គឺដឹកនាំប្រគំ។

លោក វ៉ែន សុន ជាកវីពូកែខាងតែងកំណាព្យ ហើយក៏ជាគ្រូបង្រៀនតែងកំណាព្យផងនោះ ទើបនឹងទទួលមរណភាព នៅចុងឆ្នាំ២០២៤នេះ ក្នុងវ័យ៨៥ឆ្នាំ។ ថ្វីបើជាកវីជំនាន់អធិរាជសំឡេងមាស តែលោក វ៉ែន សុន មិនបានតែងបទចម្រៀងច្រើនដូចកវីដទៃឡើយ ពីព្រោះលោកជាកវីដែលមានចំណង់ចំណូលចិត្តក្នុងការតែងកំណាព្យជាង។ ស្ទើរពេញមួយជីវិតរបស់លោក លោកចិញ្ចឹមជីវិតតាមរយៈអាជីពជាអ្នកតែងកំណាព្យនិងបង្រៀនតែងកំណាព្យនេះឯង។

កវី វ៉ែន សុន (រូបពី៖ សមាគមអ្នកនិពន្ធខ្មែរ)
កវី វ៉ែន សុន (រូបពី៖ សមាគមអ្នកនិពន្ធខ្មែរ)

យ៉ាងណាក៏ដោយ ក្រសួងវប្បធម៌ មិនទាន់សម្រេចចុងក្រោយឱ្យលោកស្រី សូ សាវឿន ទទួលសិទ្ធិគ្រប់គ្រងលើចម្រៀងទាំង៤២បទ រួមទាំងបទលលកវាយំដែរនោះ ក្នុងពេលនេះភ្លាមៗឡើយ ដោយទុកឱកាសឱ្យភាគីផ្សេងទៀតជំទាស់។ ក្រសួងវប្បធម៌ ប្រកាសក្នុងសេចក្តីជូនដំណឹងថា បើភាគីផ្សេង ចង់ប្តឹងជំទាស់ទៅនឹងសំណើរបស់លោកស្រី សូ សាវឿន ដែលស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងទាំង៤២ គឺអាចដាក់បណ្តឹងដោយភ្ជាប់ជាមួយភស្តុតាង ទៅកាន់ក្រសួងវប្បធម៌។ ក្នុងការប្តឹងនេះ ក្រសួងវប្បធម៌ទុកពេលឱ្យ១ខែ គឺចាប់ពីថ្ងៃជូនដំណឹងនេះទៅ។

លោក សេង តារា និងលោកស្រី សូ សាវឿន ស្ថិតក្នុងស្ទូឌីយោនាពេលកន្លងមក ដោយលោក សេង តារា អញ្ជើញលោកស្រីទៅរៀបរាប់ពីប្រវត្តិលោកស្រី ពិសេសពាក់ព័ន្ធរឿងរ៉ាវរបស់លោកស្រីក្នុងវិស័យសិល្បៈ។ 
លោក សេង តារា និងលោកស្រី សូ សាវឿន ស្ថិតក្នុងស្ទូឌីយោនាពេលកន្លងមក ដោយលោក សេង តារា អញ្ជើញលោកស្រីទៅរៀបរាប់ពីប្រវត្តិលោកស្រី ពិសេសពាក់ព័ន្ធរឿងរ៉ាវរបស់លោកស្រីក្នុងវិស័យសិល្បៈ។ 

មិនមែនតែចម្រៀង៤២បទខាងលើនោះទេ លោកស្រី សូ សាវឿន នៅមានបទជាច្រើនទៀត ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះលោកស្រីល្បីសុសសាយតាំងពីអំឡុងទសវត្សរ៍៦០ និង៧០ រហូតមកដល់សម័យបច្ចុប្បន្ន ដូចជាបទស្ពានកំពង់ហ្វួង និងបទក្លិនស្នេហ៍ ដែលអ្នកណាៗក៏ធ្លាប់ស្តាប់។ ចំពោះបទក្លិនស្នេហ៍ គេនិយមហៅថាបទព្រៃល្បាស់ខៀវខ្ចី។ រហូតដល់ទសវត្សរ៍៨០ លោកស្រីបានច្រៀងចម្រៀង១បទទៀត គឺបទស្ទឹងសែនប៉ារីស ដែលល្បីល្បាញមិនចាញ់បទស្ពានកំពង់ហ្លួង និងបទក្លិនស្នេហ៍ ទាំង២នេះឡើយ។

លោក ពៅ ស៊ីផូ ដែលកវីទាំងឡាយតាំងពីជំនាន់ទសវត្សរ៍៦០ ចាត់ទុកជា កវីរៀមច្បង
លោក ពៅ ស៊ីផូ ដែលកវីទាំងឡាយតាំងពីជំនាន់ទសវត្សរ៍៦០ ចាត់ទុកជា កវីរៀមច្បង

រហស្សនាម រាជនីសំឡេងរៃកណ្តឹង គឺកវីរៀមច្បង ពៅ ស៊ីផូ ជាអ្នកដាក់ឱ្យលោកស្រី សូ សាវឿន។ កាលពីជំនាន់លោកស្រី អ្នកខ្លះ ហៅលោកស្រីថា មាតាសារ៉ាវ៉ាន់ ក៏ព្រោះតែបទប្រភេទសារ៉ាវ៉ាន់ដែលលោកស្រីច្រៀង សុទ្ធសឹងតែពេញនិយមនិងជាទីចូលចិត្តសម្រាប់អ្នកស្តាប់។ មកដល់បច្ចុប្បន្ន លោកស្រីមានវ័យប្រមាណ៨០ឆ្នាំហើយ និងកំពុងរស់នៅក្នុងប្រទេសបារាំង។ ថ្មីៗនេះ លោកស្រីបានមកលេងស្រុកខ្មែរ និងទើបវិលត្រឡប់ទៅបារាំងវិញ ក្នុងខែមករា ឆ្នាំ២០២៥នេះ។ ស្វាមីរបស់លោកស្រី លោក កែវ ឯម បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម៕

លោកស្រី សូ សាវឿន ច្រៀងបទស្ទឹងសែនប៉ារីស តាមកញ្ចក់ទូរទស្សន៍បាយ័ន ក្នុងអំឡុងឆ្នាំ២០២៤។ 
លោកស្រី សូ សាវឿន ច្រៀងបទស្ទឹងសែនប៉ារីស តាមកញ្ចក់ទូរទស្សន៍បាយ័ន ក្នុងអំឡុងឆ្នាំ២០២៤។ 

You might like