រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកវិធានការ៧ចំណុច ដើម្បីដោះស្រាយ បញ្ហាប្រឈមក្នុងវិស័យកសិកម្ម

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អះអាងវិស័យកសិកម្មបានជួបប្រទះ​បញ្ហាមួយចំនួនដូចជា៖ ថ្លៃដើមនៅមានតម្លៃខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រ និងឌីជីថលនៅមានកម្រិត, កង្វះកម្ចីការប្រាក់ទាប និងទុនវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសក្នុងការប្រមូលកែច្នៃផលិតផលក្នុងស្រុក និងបញ្ហាបម្រែបម្រួលអាកាសធាតុ និងជំងឺរាតត្បាត ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​បន្ថែមទៀតពីគ្រប់​ភាគី​ពាក់ព័ន្ធ និងដោះស្រាយ​ឱ្យ​បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

              លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
              លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លោក ឌិត ទីណា មានប្រសាសន៍បន្ថែមថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងកសិកម្មក្នុងឆ្នាំ២០២៥ នឹងជំរុញអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល និងកម្មវិធីសមិទ្ធកម្មចំនួន៣របស់ក្រសួងឱ្យមានប្រសិទ្ធភាព តាមរយៈការដាក់ចេញវិធានការមួយចំនួនរួមមាន៖ ១.បន្តជំរុញអភិវឌ្ឍសហគមន៍កសិកម្មទំនើប កាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនការផ្គត់ផ្គង់កសិផលប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តភាពស្របតាមតម្រូវការទីផ្សារ និងកាត់បន្ថយការនាំចូល។ ថ្លែង​ក្នុង​ពិធីបិទ«សន្និបាតបូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ទូទាំង​ប្រទេសប្រចាំ​ឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» កាលពីរសៀលថ្ងៃ២២មករា ឆ្នាំ២០២៥ លោក ឌិត ទីណា ថាក្រសួងកសិកម្មក៏កំពុងរៀបចំគោលនយោបាយ ដើម្បីជំរុញផលិតកម្មជីកសិកម្មក្នុងស្រុក ដោយផ្ដល់អាទិភាពទៅលើជីសរីរាង្គផលិតតាមសហគមន៍កសិកម្មទំនើប សំដៅកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញដល់កសិករ។

២.បន្តអនុវត្តយន្តការរក្សាលំនឹងថ្លៃកសិផល ដើម្បីរក្សាស្ថិរភាពថ្លៃសម្រាប់ទាំងអ្នកប្រើប្រាស់ អ្នកហូប និងគាំទ្រដល់ប្រាក់ចំណូលរបស់កសិករ ដោយផ្ដោតលើកសិផលគន្លឹះមួយចំនួន។ ៣.បង្កើនសកម្មភាព និងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់មន្រ្តីកសិកម្មឃុំ-សង្កាត់ ដើម្បីផ្ដល់ការគាំទ្រកាន់តែទូលំទូលាយ​ និងទាន់ពេលវេលាដល់កសិករ ទាំងលើបញ្ហាបច្ចេកទេស និងការជួយរកទៅផ្សារ។ ៤.បន្តពង្រឹងប្រព័ន្ធផលិតកម្មពូជសុទ្ធ ដើម្បីធានាបាននូវពូជក្នុងស្រុកមានបរិមាណ និងគុណភាពឆ្លើយតបនឹងតម្រូវការនៃផលិតកម្មសម្រាប់នាំចេញ។ ៥.បង្កើនភាពធន់ និងបន្ថយតម្លៃបន្ថែមសម្រាប់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា​ ផ្ដោតលើការគាំទ្រ និងការជំរុញកែច្នៃបឋម និងការធ្វើពិពិធកម្មនាំចេញ តាមរយៈការចរចាលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ ដើម្បីបើកទីផ្សារឱ្យកាន់តែទូលាយថែមទៀត សម្រាប់ផលិតផលកសិកម្មកម្ពុជា។

៦.បន្តពង្រឹងការគ្រប់គ្រង និងការអនុវត្តច្បាប់ដើម្បីអភិរក្ស និងអភិវឌ្ឍធនធានកសិកម្មប្រកបដោយនិរន្តភាព និង៧.បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលមានលក្ខណៈជាប្រព័ន្ធ ស៊ីជម្រៅ សំដៅដោះស្រាយបញ្ហាប្រជាកសិករឱ្យបានកាន់តែឆាប់ និងមានប្រសិទ្ធភាពខ្ពស់ជូនដល់កសិករ និងអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា

You might like