តកំពង់ឆ្នាំង៖ កាលពីថ្ងៃទី២២មករា ឆ្នាំ២០២៥ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់ខេត្តកំពង់ឆ្នាំង ជាខេត្តទី១នៅទូទាំងប្រទេស ដែលគ្មានសំរាម ឬសំណល់ប្លាស្ទិកតាមទីសាធារណៈ បន្ទាប់ពីអនុវត្តន៍យុទ្ធនាការប្រមូលសំរាមជាង៣០០លើក…។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ការប្រកាសដាក់ខេត្តកំពង់ឆ្នាំងជាខេត្តគ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ បានរៀបចំឡើង ក្រោមអធិបតីភាពពីសំណាក់ លោក អ៊ាង សុផល្លែត។ ថ្លែងក្នុងពិធីប្រកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ឆ្នាំង បានឱ្យដឹងថា ការសម្រេចបាននូវលទ្ធផលទាំងនេះ កើតឡើងក្រោយខេត្តចុះអនុវត្តយុទ្ធនាការ «កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» អស់រយៈពេលជាង៩ខែ ពោលគឺចាប់ពីថ្ងៃទី១៥ឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៦មករា ឆ្នាំ២០២៥។
លោកថា យុទ្ធនាការចុះប្រមូលសំរាមទាំងពីរខាងលើ រដ្ឋបាលខេត្ត សិស្សានុសិស្ស និងពលរដ្ឋ បានចុះអនុវត្តចំនួន៣០០លើក ទៅលើក្រុង និងស្រុកទាំង៨ ហើយបានសម្អាតតាមដងផ្លូវនូវទូទាំងខេត្តចំនួន៤១ខ្សែ និងប្រមូលសំរាមជាង២ម៉ឺនគីឡូក្រាម។ លោកបញ្ជាក់ថា តាមរយៈការចូលរួមយុទ្ធនាការខាងលើ បានពិនិត្យឃើញថា នៅតាមសាលារៀន រោងចក្រ លំនៅឋានប្រជាពលរដ្ឋ និងតាមដងផ្លូវជាតិមានអនាម័យ និងមានសោភ័ណភាពល្អ។
ជាការអបអរសាទរ លោក អ៊ាង សុផល្លែត បានកោតសរសេររដ្ឋបាលខេត្តកំពង់ឆ្នាំង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យទូទាំងខេត្តកំពង់ឆ្នាំងមានបរិស្ថានស្អាត មិនមានសំរាម។ លោកគូសបញ្ជាក់ថា៖«ភាពស្អាតក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន គឺសំដៅដល់ភាពស្អាតចេញពីក្នុងចិត្ត និងភាពស្អាត ទាំងបរិស្ថានរស់នៅលើដី លើមេឃ និងក្នុងទឹក។ នៅពេលដែលយើងមានភាពស្អាតចេញពីចិត្ត ហើយបរិស្ថានជុំវិញយើងនឹងស្អាត ជាលទ្ធផលយើង នឹងទទួលបានសង្គមជាតិទាំងមូល ដែលស្អាតជាក់ជាមិនខាន»៕

