ក្រសួងអប់រំ យុវជន និងកីឡាបានចេញលិខិត ឱ្យរៀបចំការបោះឆ្នោត សហព័ន្ធប្រដាល់គុនខ្មែរ អាណត្តិទី៨

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញមកណែនាំដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឱ្យរៀបចំការបោះឆ្នោតបញ្ចប់អាណត្តិទី៧ (ឆ្នាំ២០២១-២០២៥) និងបន្តអាណត្តិទី៨ (ឆ្នាំ២០២៥-២០២៩) នៅថ្ងៃទី២២ ខែមករា  ឆ្នាំ២០២៥ ឱ្យមានតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ព្រោះបើការបោះឆ្នោតធ្វើឡើងមិនបានត្រឹមត្រូវ ក្រសួងអប់រំនឹងពិនិត្យពិចារណាលើការទទួលស្គាល់ថ្នាក់ដឹកនាំអាណត្តិថ្មីរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរឡើងវិញ…។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

តាមរយៈសេចក្ដីណែនាំ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ស្ដីពីគោលការណ៍នីតិវិធីរៀបចំការបោះឆ្នោតបញ្ចប់អាណត្តិរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រសួងអប់រំ បានចេញគោលការណ៍ណែនាំចំនួន៣ចំណុច ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ក្នុងនោះ៖ ទី១.ត្រូវបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ដោយឈរលើស្មារតី ប្រជាធិបតេយ្យ តម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ។ ទី២.ត្រូវរៀបចំនីតិវិធីឈរឈ្មោះ និងបោះឆ្នោតដោយផ្អែកតាមមតិភាគច្រើន អាចទទួលយកបានពីគ្រប់សមាជិកទាំងអស់ និងទី៣.សហព័ន្ធត្រូវអនុវត្តឱ្យស្របតាមប្រការ៩នៃលក្ខន្តិកៈរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ 
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ 

ក្រសួងអប់រំបង្ហាញក្តីសង្ឃឹមថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងអនុវត្តតាមការណែនាំជាគោលការណ៍នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយការទទួលខុសត្រូវ។ ក្នុងករណីមិនអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងឱ្យបានត្រឹមត្រូវ ក្រសួងនឹងពិនិត្យពិចារណាលើការទទួលស្គាល់ថ្នាក់ដឹកនាំអាណត្តិថ្មីរបស់សហព័ន្ធឡើងវិញ៕

You might like