សៀមរាប៖ អាជ្ញាធរជាតិអប្សរាខេត្តសៀមរាប បានធ្វើការសម្រេចបិទមិនឱ្យមានអ្នកធ្វើដំណើរ ជាបណ្តោះអាសន្ន នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំទិវាសរសេរតាមអានលើកទី២«សំណេរអង្គរ» រយះពេលចំនួន២ថ្ងៃ ដោយចាប់ផ្តើមពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ខាងនេះ..។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ដើម្បីអនុញ្ញាតដល់ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាសរសេរតាមអាន «សំណេរអង្គរ» លើកទី២ ក្នុងគោលបំណងចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់អក្សរសាស្ត្រខ្មែរ ការធ្វើដំណើរលើ«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត»នឹងត្រូវហាមឃាត់ចាប់ពីរសៀលថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនៃការបិទចរាចរណ៍ខាងលើនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ អាចប្រើប្រាស់ស្ពានបណ្ដែតទឹកជាបណ្តោះអាសន្ន សម្រាប់ការចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត។

«កម្មវិធីសំណេរអង្គរ» ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដែលលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ។ គេអាចហៅកម្មវិធីសំណេរអង្គរនេះថា ជាការប្រកួតសរសេរតាមអានអក្សរខ្មែរក៏បាន ព្រោះជាការចូលរួមប្រកួតសរសេរអត្ថបទជាភាសាខ្មែរ ដែលបើកឱ្យមានការចូលរួមប្រកួតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ តួនាទី ដើម្បីជ្រើសរើសជ័យលាភីដែលសរសេរពាក្យខ្មែរបានត្រឹមត្រូវជាងគេ។ ពិធីនេះ ធ្លាប់ត្រូវបានរៀបចំម្ដងរួចមកហើយ គឺកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសមណសិស្ស បេក្ខជន-បេក្ខនារីសរុបជាង៧០០នាក់៕




