ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥មករា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន១៧គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ១៥០លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានចំនួនប្រមាណ៩ពាន់កន្លែង…។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ទីតាំងដែលត្រូវវិនិយោគមាននៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ គម្រោងទាំង១៧ខាងលើ វិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន១គម្រោង។ ចំពោះចំនួន១៦គម្រោងទៀត វិនិយោគក្នុងវិស័យឧស្សាហកម្មរួមមាន៖ រោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក, ផលិតអំពូលភ្លើង និងបរិក្ខារអគ្គិសនី, ផលិតគ្រឿងសង្ហារឹម, ផលិតផ្កា និងផ្លែឈើសិប្បនិម្មិត, ផលិតឧបករណ៍ជាង និងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាន និងឡចម្អិន, ផលិតសម្ភារវេចខ្ចប់, ផលិតសម្ភារសម្រាប់បោះជំរំ, ខារអំបោះ, បោកគក់ និងជ្រលក់ពណ៌។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
សូមជម្រាបថា កាលពីថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីជូនដំណឹងថា រយៈពេលពេញមួយឆ្នាំ ពោលគឺក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទុនវិនិយោគមានការកើនឡើងប្រមាណជិត២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណជិត៤០ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕


