ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយក្នុងអំឡុងកិច្ចប្រជុំនៅរដ្ឋធានីប៉េកាំងជាមួយនាយករដ្ឋមន្ត្រីហ្គ្រើណាដា (Grenada) លោក ឌីខុន មីតឆេល (Dickon Mitchell) ដែលធ្លាប់ជាសម្ព័ន្ធមិត្តការទូតរបស់តៃវ៉ាន់ថា ចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូសហប្រតិបត្តិការដ៏ទូលំទូលាយរបស់ខ្លួនជាមួយបណ្តាប្រទេសការ៉ាបៀន។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិនស៊ីនហួ បានដកស្រង់សម្តីលោក ស៊ី ដែលបានលើកឡើងថា ចិនមានឆន្ទៈបន្តផ្តល់ជំនួយដល់ប្រទេសក្នុងតំបន់ ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ពួកគេ។ លោក ស៊ី បានថ្លែងយ៉ាងដូច្នេះថា៖ «ភាគីទាំងពីរគួរតែគូរប្លង់មេថ្មីសម្រាប់ការអភិវឌ្ឍរយៈពេលវែង និងកម្រិតខ្ពស់នៃទំនាក់ទំនងទ្វេភាគី» ដោយបន្ថែមថា ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍដោយជោគជ័យក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ដោយឡែកលោក មីតឆេល បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះថា ហ្គ្រើណាដបានទទួលផលប្រយោជន៍យ៉ាងច្រើនពីទំនាក់ទំនងជាមួយប្រទេសចិន ហើយទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនយក្សអាស៊ីមួយនេះ។ លោកបន្តថា ហ្គ្រើណាដប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ហើយបានអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។

លោក មីតឆេល ដែលជាមេដឹកនាំបរទេសដំបូងគេដែលលោក ស៊ី បានជួបនៅឆ្នាំនេះនៅរដ្ឋធានីប៉េកាំង បានកំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសចិន។ តំបន់ការ៉ាបៀន និងអាម៉េរិកឡាទីនជាតំបន់ដែលសម្ព័ន្ធមិត្តតៃវ៉ាន់ស្ថិតនៅច្រើនបំផុត ដោយមានសម្ព័ន្ធមិត្តចំនួន៧ ស្ថិតក្នុងតំបន់ទាំងនេះ ក្នុងចំណោមសម្ព័ន្ធមិត្តចំនួន១២ របស់តៃវ៉ាន់។ ប្រទេសចិនចាត់ទុកកោះប្រជាធិបតេយ្យនេះថាជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយគ្មានសិទ្ធិក្នុងទំនាក់ទំនងរដ្ឋនិងរដ្ឋនោះឡើយ តែរដ្ឋាភិបាលតៃវ៉ាន់បដិសេធយ៉ាងខ្លាំង។

តៃវ៉ាន់បានផ្តាច់ទំនាក់ទំនងជាមួយហ្គ្រើណាដ កាលពី២០ឆ្នាំមុន បន្ទាប់ពីប្រទេសនេះប្តូរទំនាក់ទំនងទៅប្រទេសចិន។ ចិន និងតៃវ៉ាន់បានចោទប្រកាន់គ្នាទៅវិញទៅមកជាច្រើនឆ្នាំអំពីការប្រើប្រាស់ «ការទូតប្រាក់ដុល្លារ» នៅពេលដែលពួកគេប្រកួតប្រជែងគ្នាសម្រាប់ការទទួលស្គាល់ការទូត៕
