ស្ទឹងត្រែង៖- យោងតាមរបាយការណ៍ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចុះសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ឆ្មក់បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ និងត្រៀមខ្លួនបញ្ជូនទៅកាន់តុលាការខេត្តបន្តនីតិវិធី។
– ប្រភពដដែលបន្តថា ទីតាំងមានក្នុង ក្រុងស្ទឹងត្រែង បង្ក្រាបបាន ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី និងសង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ក្នុងនោះស្រី ០១នាក់ ។
– ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ គ្រឿងញៀន ៦កញ្ចប់ធំ ,២កញ្ចប់តូច និងមួយចំនួនចូលទឹក ។ សម្ភារចាប់យកទាំងអស់រួមមាន: ម៉ូតូចំនួន ៦គ្រឿង, ទូរស័ព្ទដៃចំនួន ៩គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
– បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ព្រមទាំងសម្ភារខាងលើ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕
