អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី

អន្តរជាតិះ- ប្រទេសអ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់នៅសមរភូមិ ហើយនៅថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានស្នើសុំដោះដូរពួកគេជាមួយឈ្លើយសឹកអ៊ុយក្រែន នៅក្នុងប្រទេសរុស្ស៊ី។

– សូមចុច Subscribe Channel Telegram (KTN) https://t.me/topnewsktn ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– តាមការចុះផ្សាយរបស់ BBC, អ៊ុយក្រែន ចាប់បានទាហានទាំង២នាក់នេះកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២៥ ប៉ុន្តែឥឡូវពួកគេត្រូវបញ្ជូនទៅកាន់ទីក្រុង កៀវ ដើម្បីព្យាបាលរបួស។

– ជុំវិញបញ្ហានេះ លោកហ្សេលេនស្គី បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ចំពោះទាហានកូរ៉េខាងជើង ដែលមិនចង់វិលទៅប្រទេសវិញទេនោះ យើងនឹងមានជម្រើសផ្សេង ប៉ុន្តែនរណាដែលចង់បានសន្តិភាពតាមរយៈការលាតត្រដាងការពិតអំពីសង្គ្រាមនេះ យើងនឹងទុកឱកាសឲ្យ»។

– ទន្ទឹមនោះ ចារកម្មអ៊ុយក្រែន (SBU) បញ្ជាក់ថា ពេលអ្នកទាំងពីរត្រូវចាប់បាន មានម្នាក់កាន់កាតយោធារុស្ស៊ី ឈ្មោះមនុស្សផ្សេង ដែលចុះបញ្ជីនៅសាធារណរដ្ឋ Tuva រីឯម្នាក់ទៀត មិនមានឯកសារអ្វីទាំងអស់ ហើយពួកគេចេះនិយាយតែភាសាកូរ៉េប៉ុណ្ណោះ។

– ទាហានកូរ៉េខាងជើងទាំងពីរនាក់ដែលអ៊ុយក្រែន ចាប់បាន (រូបថត៖ ZelenskyyUa)
តាមការឲ្យដឹងពី SBU, ដោយមានជំនួយបកប្រែពីភាគីកូរ៉េខាងត្បូង ខ្លួនបានសួរចម្លើយទាហានទាំងពីរ ហើយម្នាក់ដែលមានកាន់កាតយោធារុស្ស៊ីនោះ បាននិយាយថា គាត់កើតក្នុងឆ្នាំ២០០៥ និងបម្រើក្នុងជួរកងទ័ពកូរ៉េខាងជើង ជាទ័ពកាំភ្លើងវែង តាំងពីឆ្នាំ២០២១មក។

– យ៉ាងណា ទាហានម្នាក់ទៀតនិយាយមិនកើតទេព្រោះរបួសថ្គាម ប៉ុន្តែបានផ្តល់ចម្លើយដោយការសរសេរ ហើយអ៊ុយក្រែងជឿថា គាត់កើតក្នុងឆ្នាំ១៩៩៩ បម្រើក្នុងជួរកងទ័ពកូរ៉េខាងជើង ជាអ្នកបាញ់ស៊ីបចាប់តាំងពីឆ្នាំ២០១៦មក។

– ពាក់ព័ន្ធបញ្ហានេះដែរ សារព័ត៌មានអន្តរជាតិជាច្រើន មិនទាន់ហ៊ានធានាឡើយ ចំពោះការអះអាងរបស់អ៊ុយក្រែន។

– សូមបញ្ជាក់ជាថ្មី ឆ្នាំមុនទាំងអ៊ុយក្រែននិងកូរ៉េខាងត្បូងសុទ្ធតែអះអាងថា កូរ៉េខាងជើងបានបញ្ជូនទ័ព ១០ ០០០នាក់ទៅជួយប្រយុទ្ធឲ្យរុស្ស៊ី ហើយក្រោយមក សហរដ្ឋអាមេរិក ក៏ប្រកាសថា កងកម្លាំង​កូរ៉េ​ខាង​ជើងស្លាប់ច្រើនណាស់នៅក្នុងសមរភូមិ៕

 

You might like