មេដឹកនាំហ្គ្រោអង់ឡង់ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការពិភាក្សាជាមួយលោក ត្រាំ

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីហ្គ្រោអង់ឡង់ (Greenland) លោក មូដ អ៊ីជេត (Mute Egede) បាននិយាយនៅកាលពីថ្ងៃសុក្រទី១០ ខែមករា ឆ្នាំ២០២៥ថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជជែកពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក ដូណាល់ ត្រាំ ដែលបាននិយាយថាលោកចង់គ្រប់គ្រងលើកោះអាកទិកនេះ។

លោក មូដ អ៊ីជេត (Mute Egede)
លោក មូដ អ៊ីជេត (Mute Egede)

នៅឯសន្និសីទសារព័ត៌មាននៅរដ្ឋធានីកូប៉ិហាកនៅពេលសួរថាតើគាត់មានទំនាក់ទំនងជាមួយលោក ត្រាំ ឬអត់នោះ? លោក អ៊ីជេត បានឆ្លើយតបថា៖«ទេ ប៉ុន្តែយើងត្រៀមខ្លួនរួចរាល់ហើយដើម្បីជជែកពិភាក្សា»។  លោក អ៊ីជេត បានសង្កត់ធ្ងន់លើសេចក្តីប្រាថ្នារបស់ប្រជាជនហ្គ្រោអង់ឡង់ ដោយនិយាយថា៖«យើងមានបំណងប្រាថ្នាចង់បានឯករាជ្យ បំណងប្រាថ្នាដើម្បីភាពជាម្ចាស់របស់យើង… នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែគោរព»។ លោកបន្តថា ប៉ុន្តែនោះមិនមានន័យថា យើងកំពុងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទាំងអស់ជាមួយប្រទេសដាណឺម៉ាកនោះទេ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី ម៉េត ហ្វ្រេឌីរីចសិន (Mette Frederiksen)  ដែលថ្លែងនៅក្នុងសន្និសីទកាសែតផងដែរនោះ បាននិយាយថា លោកស្រីបានស្នើសុំជួបជាមួយលោក ត្រាំ ប៉ុន្តែមិនរំពឹងថាវានឹងកើតឡើងមុនពេលលោកចូលកាន់តំណែងនោះទេ។

គរបញ្ជាក់ថា ហ្គ្រោអង់ឡង់ ដែលជាផ្ទះរបស់មនុស្ស៥៧ ០០០ នាក់ គឺជាដែនដីអាណានិគមរបស់ដាណឺម៉ាករហូតដល់ឆ្នាំ១៩៥៣ ប៉ុន្តែឥឡូវនេះជាដែនដីគ្រប់គ្រងដោយខ្លួនឯង។ នៅឆ្នាំ ២០០៩ តំបន់នេះបានធានាសិទ្ធិទាមទារឯករាជ្យតាមរយៈការបោះឆ្នោត។ អាម៉េរិក​រក្សា​មូលដ្ឋាន​យោធា​នៅ​ភាគ​ខាងជើង​នៃ​ទឹកដី​​យុទ្ធសាស្ត្រដ៏សំខាន់។ លោក ត្រាំ ដែលចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានពិពណ៌នាការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើតំបន់ហ្គ្រោអង់ឡង់ ដែលជាដែនដីពាក់កណ្តាលស្វយ័តដាណឺម៉ាកថាជាភាពចាំបាច់ដាច់ខាត។ មិនត្រឹមតែប៉ុណ្ណោះ លោកមិនបានច្រានចោលលទ្ធភាពនៃការប្រើប្រាស់យោធា ឬសេដ្ឋកិច្ច រួមទាំងពន្ធគយប្រឆាំងនឹងប្រទេសដាណឺម៉ាកឡើយ៕

You might like