ក្រុង LA ប្រាប់ឲ្យពលរដ្ឋត្រៀមចិត្តត្រៀមកាយ ចំពោះភ្លើងឆេះព្រៃ ដែលរឹតតែអាក្រក់ នាពេលខាងមុខ

អន្តរជាតិះ- នៅថ្ងៃសុក្រទី១០ខែមករាឆ្នាំ២០២៥ មន្ត្រីក្រុង Los Angeles បានប្រាប់ឲ្យពលរដ្ឋត្រៀមចិត្តត្រៀមកាយប្រឈមមុខជាមួយស្ថានភាពអាក្រក់ដែលនឹងកើតឡើងជាបន្ត ស្របពេលឥឡូវ ភ្លើងឆេះព្រៃថ្មីៗទៀតបានឆាបឆេះ ហើយតួលេខមនុស្សស្លាប់ក៏នឹងកើនឡើងផងដែរ ខណៈគិតត្រឹមពេលនេះ មានមនុស្ស៥នាក់បានបាត់បង់ជីវិតហើយ។

– សូមចុច Subscribe Channel Telegram (KTN) https://t.me/topnewsktn ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– តាមការបញ្ជាក់ពីលោក Kristin Crowley ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles, ភ្លើងឆេះព្រៃថ្មីដែលគេឲ្យឈ្មោះថា Kenneth Fire បានឆាបឆេះឡើងនៅក្នុងតំបន់ Ventura។ បច្ចុប្បន្ន ភ្លើងនេះបានឆាបឆេះលើផ្ទៃដីជាង២០ហិកតា ហើយវានឹងរាលដាលខ្លាំងក្នុងរយៈពេល២៤ម៉ោងក្រោយ។

– ចំណែកលោក Chad Augustin ប្រធានផ្នែកអគ្គិភ័យប្រចាំតំបន់ Pasadena បានព្រមានថា ដោយសារតែប៉ុន្មានម៉ោងខាងមុខនឹងមានខ្យល់បក់ខ្លាំង ដូចនេះអគ្គិភ័យនឹងកាន់តែកញ្ជ្រោលខ្លាំងនិងរាលដាលលឿន។

– នៅតំបន់ Pasadena ភ្លើងឆេះព្រៃ Eaton បានដុតកម្ទេចលើផ្ទៃដីជាង ៥ ៥៤០ហិកតា ទាំងដែលមិនទាន់អាចគ្រប់គ្រងបានទោះអ្នកពន្លត់អគ្គិភ័យ ១ ៥២៧នាក់ត្រូវបានបញ្ជូនទៅដើម្បីប្រយុទ្ធតស៊ូក៏ដោយ។ លើសពីនេះ សំណង់ហេដ្ឋារចនាសម្ព័ន្ធពី ៤ ០០០ទៅ៥​​ ០០០ ត្រូវខូចខាតឬឆេះខ្ទេចទាំងស្រុង។

– ជុំវិញមហន្តរាយនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសបញ្ចេញជំនួយសហព័ន្ធ ហើយបញ្ជូនឧទ្ធម្ភាគចក្រនិងយន្តហោះពន្លត់អគ្គិភ័យ៣០គ្រឿង ព្រមទាំងយន្តហោះយោធាធុនធ្ងន់ C-130 ទៅកាន់ទីក្រុង LA។

– ស្របពេលជាមួយគ្នានោះមន្ត្រីក្រុង Los Angeles កំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតនៃសោកនាដកម្មភ្លើងឆេះព្រៃ យ៉ាងសាហាវបំផុត ខណៈមានការសង្ស័យថា វាអាចផ្តើមចេញពីការលួចដុត។ មន្ត្រីសរុប២១នាក់ រួមទាំងក្រុមស៊ើបអង្កេតករណីលួចដុត១៦នាក់និងសត្វសុនខហិតក្លិនមួយក្បាលផងដែរ កំពុងធ្វើការលើរឿងនេះ។

– រីឯនាយកផ្នែកអគ្គិភ័យតំបន់ LA លោក Anthony Marrone បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើរកឃើញថា ភ្លើងឆេះព្រៃបណ្តាលឲ្យមានមនុស្សស្លាប់ដ៏មហន្តរាយនេះ បង្កឡើងដោយមនុស្សលួចដុតមែននោះ អ្នកប្រព្រឹត្តនឹងត្រូវបានចោទប្រកាន់ពីបទឃាតកម្ម៕

 

You might like