ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីឱ្យការនាំចេញស្រូវអង្ករ ទៅកាន់ទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ ជាមួយតម្លៃខ្ពស់។ ក្នុងជំនួបជាមួយប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សម្តេចបានបង្ហាញគោលគំនិតរបស់រាជរដ្ឋាភិបាល ដែលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ តាមរយៈការដាក់ចេញគោលនយោបាយជំរុញការផលិត និងការនាំចេញ…។
ថ្លែងក្នុងជំនួបខាងលើ សម្តេចនាយករដ្ឋមន្ត្រី បានវាយយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ-អង្ករ។ ក្នុងនោះ សម្តេចធិបតីបានមានប្រសាសន៍ដែរថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ហើយដំណាំស្រូវនៅតែជាដំណាំអាទិភាពចំពោះរាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញនៅគោលនយោបាយនានា។
សម្តេចគូសបញ្ជាក់ថា៖«រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា។ ការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ»។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា លោក ហ៊ុន ឡាក់ ក៏បានលើកឡើងអំពីសមិទ្ធផល កិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា ការប្រមូលទិញស្រូវពីប្រជាកសិករ ការរៀបចំសម្ងួត ការស្ដុកទុក និងការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕
