អន្តរជាតិះ- ក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានស្តីបន្ទោសចំៗទៅប្រធានាធិបតីផុតអាណត្តិ ចូ បៃដិន ថា បើអាមេរិកមិនចេញមុខធានាឲ្យអ៊ុយក្រែន ចូលរួមជាមួយអង្គការណាតូ ម្ល៉េះសង្គ្រាមរុស្ស៊ីក៏នឹងមិនផ្ទុះឡើងដែរ។
– សូមចុច Subscribe Channel Telegram (KTN) https://t.me/topnewsktn ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
– លោក ត្រាំ អះអាងថា ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញអ៊ុយក្រែនចូលណាតូ ទាំងដែលដឹងថា វាជាក្តីកង្វល់និងជារឿងដែលរុស្ស៊ីជំទាស់ ហើយនោះជាដើមហេតុបង្កឲ្យមានសង្គ្រាម។ មិនត្រឹមប៉ុណ្ណឹង លោក បៃដិន ជាបុគ្គលដែលបំផ្លាញកិច្ចព្រមព្រៀងដែលអាមេរិកមានជាមួយរុស្ស៊ី ធ្វើឲ្យលទ្ធភាពនៃការពង្រីកឥទ្ធិពលសម្ព័ន្ធភាពយោធាដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ទៅលែងរួច។
– លោក ត្រាំ សង្កត់ធ្ងន់ថា «តាំងតែមុនពេលលោក ពូទីន ឡើងកាន់តំណែងមកម្ល៉េះ, រុស្ស៊ីតែងបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនចង់ឃើញអ៊ុយក្រែនចូលណាតូទេ ប៉ុន្តែហេតុអ្វីបានជាលោក បៃដិន នៅតែមិនដឹងអី ហើយទទូចថា ទីក្រុងកៀវ គួរតែចូលរួមជាមួយណាតូទៀត! ខ្ញុំយល់ពីអារម្មណ៍របស់រុស្ស៊ី នៅពេលមានប្លុកយោធាបរទេស នៅជាប់មាត់ទ្វាររបស់ខ្លួន»។
– យ៉ាងណា ជុំវិញបញ្ហានេះដែរ ងាកទៅមើលកាលពីខែធ្នូឆ្នាំ២០២៤បន្តិច កាលនោះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានដាក់លក្ខខណ្ឌ២ចំណុចទៅអ៊ុយក្រែនរួចហើយ បើពួកគេពិតជាចង់ចូលជាសមាជិកអង្គការណាតូមែន។
– រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken (រូបថត៖ Getty)
នៅឯក្រុមប្រឹក្សាទំនាក់ទំនងបរទេសក្នុងទីក្រុងញូវយ៉ក លោក Blinken និយាយថា ទីក្រុងកៀវអាចចូលជាសមាជិកបាន លុះត្រាតែពួកគេកែទម្រង់យោធា និងកែលម្អស្ថាប័នប្រជាធិបតេយ្យរបស់ពួកគេឲ្យបានជោគជ័យជាមុនសិន។
– តាមពិតទៅ អ៊ុយក្រែនប្រាថ្នាក្លាយជាសមាជិកណាតូពេញសិទ្ធិជាយូរមកហើយ ហើយថែមទាំងបានដាក់ពាក្យចូលជាផ្លូវការកាលពីឆ្នាំ២០២២ទៀតផង បន្ទាប់ពីអតីតតំបន់ចំនួន ៤ របស់ខ្លួន បោះឆ្នោតចូលរួមជាមួយរុស្ស៊ី។
– យ៉ាងណា រឿងនេះត្រូវបានសមាជិកមួយចំនួនបដិសេធ ដោយអះអាងថា សមាជិកភាពរបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ខ្លាំង ហើយរុស្ស៊ី តែងប្រឆាំងយ៉ាងដាច់អហង្ការ ដោយអះអាងថា វានឹងបង្កហានិភ័យដល់សន្តិសុខរបស់ខ្លួន៕
