វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងនៅកាលពីថ្ងៃទី៦ ខែមក ឆ្នាំ២០២៥ ថា លោក និងមេដឹកនាំចិន ស៊ី ជីនពីង បាននិយាយតាមរយៈតំណាង ហើយលោកជឿជាក់ថា មេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរនឹងចុះសម្រុងគ្នា។

លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសមួយថា៖«យើងបាននិយាយគ្នារួចហើយ។ យើងបាននិយាយតាមរយៈអ្នកតំណាងរបស់ពួកយើង»។ លោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាបានពណ៌នាលោក ស៊ី ថាជាបុរសខ្លាំងនិងមានអំណាចដែលត្រូវបានគេគោរពនៅក្នុងប្រទេសចិន។ លោកបន្តថា៖«ហើយខ្ញុំគិតថា យើងប្រហែលជានឹងចុះសម្រុងគ្នាបានយ៉ាងល្អ»។
លោក ត្រាំ បានអញ្ជើញលោក ស៊ី និងមេដឹកនាំបរទេសផ្សេងទៀតទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោកនៅរដ្ឋធានីវ៉ាស៊ីនតោននៅចុងខែនេះ ប៉ុន្តែអ្នកជំនាញនិយាយថា មេដឹកនាំចិនទំនងជាមិនចូលរួមនោះទេ។ គួរបញ្ជាក់ថា លោក ត្រាំ បានតែងតាំងអ្នកមានទំនោរប្រឆាំងចិនឱ្យកាន់តំណែងសំខាន់ៗក្នុងរដ្ឋបាលចូលមករបស់លោក រួមទាំងសមាជិកព្រឹទ្ធសភា ម៉ាកូ រូប៊ីអូ (Marco Rubio) ជាប្រមុខការទូតផងដែរ។ បុរសមាត់ឆៅរូបនេះក៏បាននិយាយផងដែរថា លោកនឹងដាក់ពន្ធបន្ថែម១០ ភាគរយលើទំនិញរបស់ចិន លុះត្រាតែរដ្ឋធានីប៉េកាំងធ្វើការបន្ថែមទៀតដើម្បីបញ្ឈប់ការជួញដូរសារធាតុញៀនហ្វេតានីលចូលសហរដ្ឋអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ លោកបានគំរាមយកពន្ធលើសពី៦០ ភាគរយលើទំនិញចិនក្នុងពេលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត៕

