ភ្នំពេញ៖ ថ្ងៃនេះជាខួបទី៤៦ នៃទិវាជ័យជម្នះ៧មករា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរដោយគូសបញ្ជាក់ក្នុងតេទ្បេក្រាមផ្លូវការរបស់សម្តេច…។
សម្តេចបានគូសបញ្ជាក់ថា ៧មករាជាថ្ងៃនៃការចងចាំនូវមហាវីរភាពដឹងគុណ ការតស៊ូរបស់យុវជនជំនាន់មុនបន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជាមិនត្រឹមតែជាវាលពិឃាតមកស្គាល់កម្ពុជា ជាកម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។
បន្ថែមលើនេះ សម្តេចមានប្រសាសន៍បន្ថែមថា សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានតស៊ូ លះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដើម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

គួរដឹងដែរថា ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេសបានរួចចាកផុតពីរបបប្រល័យពូជសាសន៍។ រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ៧មករា ជារៀងរាល់ឆ្នាំជាទិវាបុណ្យព្រមទាំងអនុញ្ញតឱ្យមន្ត្រីរាជការ និយោជិត កម្មករបានឈប់សំរាកចំនួន១ថ្ងៃក្នុងឱកាសទិវាបុណ្យនេះផងដែរ៕
