ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីថតរូបភាព និងវីដេអូ ដើម្បីប្រកួតអ្នកឈ្នះទទួលប្រាក់រង្វាន់

ក្រុងព្រះសីហនុ៖​​ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ និងពាណិជ្ជកម្ម នាថ្ងៃទី២៧ ដល់៣១ ខែមករា ឆ្នាំ២០២៥ នៅទីលានតេជោ។ នៅក្នុងព្រឹត្តិការណ៍នេះមានកម្មវិធី ការប្រកួតថតរូប និងវីដេអូ ក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»…។

តាមរយៈសេចក្តីជូនដំណឹងរួមរបស់ក្រសួង និងរដ្ឋបាលខេត្ត បានឱ្យដឹងថា​ ដំណើរការនៃការប្រកួតចុះឈ្មោះពីថ្ងៃទី០៥ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។​​ ​ក្នុងនោះថ្ងៃប្រកួតចាប់ផ្តើមពីថ្ងៃទី១២ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។​​ ខ្លឹមសារ និងអត្ថន័យគោលដៅនៃការថតរូបផ្តោតលើសក្តានុពលទេសចរណ៍ទីក្រុង និងធម្មជាតិ ខេត្តព្រះសីហនុ (ប្រកួតវីដេអូរយៈពេល៤៥វិនាទី)។​​ ចំពោះរង្វាន់សម្រាប់អ្នកឈ្នះទាំងរូបភាព និងវីដេអូ ជ័យលាភីលេខ១.ទទួលបានទឹកប្រាក់២លានរៀល, លេខ២.បានទឹកប្រាក់១លាន២សែនរៀល, ជ័យលាភីលេខ៣.ទទួលបានទឹកប្រាក់៨សែនរៀលបូក និងបន្ទប់ស្នាក់នៅមួយយប់គ្នា២នាក់ និងអាហារពីរពេលនៅសណ្ឋានគារ Queenco Hotel នៅក្រុងព្រះសីហនុ។ រីឯសម្រាប់ជ័យលាភីលេខ៤ និងលេខ៥ មានរង្វាន់លើកទឹកចិត្តពីរដ្ឋបាលខេត្ត និងការស្នាក់នៅមួយយប់ដូចគ្នា។

សូមជម្រាបថា​ ការរៀបចំកម្មវិធីប្រកួតប្រជែងនេះឡើង ដើម្បីបង្ហាញភាពស្រស់ស្អាតនៃធនធានធម្មជាតិ វប្បធម៌ អរិយធម៌ និងភាពទាក់ទាញផ្សេងៗតាមរយៈរូបភាព និងវីដេអូដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ក្នុងនោះដែរ គឺការប្រកួតនេះសង្កត់ធ្ងន់ទៅលើចំណុចមួយចំនួនរួមមាន៖​​ ផ្សព្វផ្សាយពីគោលដៅទេសចរណ៍​, បង្កើតរូបភាព និងវីដេអូដែលមានភាពទាក់ទាញ, ធ្វើយ៉ាងណាជំរុញ និងបង្កើនផលិតផលខ្មែរ, បង្ហាញពីសហគមន៍ទេសចរណ៍, ជាសារអប់រំ និងបញ្ញាបការយល់ដឹងជាសាធារណៈ, ផ្តោតទៅលើតំបន់សក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្ទ៕

You might like