ភ្នំពេញ៖កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោកស្រី ជា សិរី ជាទេសាភិបាល នៃធនាគារជាតិកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ និងថាកម្ពុជាមានមោទនភាពដែលត្រូវបានបណ្តាប្រទេសដទៃ និងក្រុមហ៊ុនមួយចំនួនបានធ្វើដំណើរមកសិក្សា និងដកស្រង់ពីបទពិសោធការងារ…។
ថ្លែងលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបន្ទាប់ពីជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន (The State Bank of Pakistan) និងក្រុមហ៊ុន SORAMITSU Holdings AG. លោកស្រី ជា សិរី មានប្រសាសន៍ថា កម្ពុជាមានសេចក្តីសោមនស្សរីករាយ ដោយបានក្លាយជាប្រទេសមួយដែលបានការទទួលស្គាល់ពីបណ្តាប្រទេសដទៃចំពោះដំណើរការប្រព័ន្ធបាគង ហើយធ្វើដំណើរមកកម្ពុជាដើម្បីសិក្សា និងដកស្រង់បទពិសោធ…។
លោកស្រីបានបញ្ជាក់ថា៖«ខ្ញុំបានជួបជាមួយគណៈប្រតិភូធនាគារកណ្តាលរដ្ឋប៉ាគីស្ថាន និងក្រុមហ៊ុន Soramitsu ដើម្បីចែករំលែកបទពិសោធរបស់ធនាគារជាតិនៃកម្ពុជាក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធបាគង។ នេះជាមោទនភាពមួយរបស់កម្ពុជាដែលមានការទទួលស្គាល់ពីបណ្តាប្រទេសជាច្រើនថា មានប្រព័ន្ធទូទាត់អេឡិកត្រូនិកដែលទំនើប និងទាន់សម័យ ហើយក្លាយជាប្រទេសមួយដែលគេបានធ្វើដំណើរមកសិក្សាដកស្រង់បទពិសោធ»។
នៅក្នុងជំនួបខាងលើ មានគោលបំណងស្វែងរកលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរវាង ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋប៉ាគីស្ថាន ក៏ដូចជាផ្តល់ឱកាសដល់គណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន បានស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធទូទាត់បាគងនៅកម្ពុជា ស្របពេលដែលធនាគាររដ្ឋប៉ាគីស្ថានកំពុងរៀបចំផែនការដាក់ឱ្យប្រើប្រាស់រូបិយបណ្ណឌីជីថលធនាគារកណ្តាល (Central Bank Digital Currency – CBDC) របស់ខ្លួន។ បន្ទាប់ពីការពិភាក្សា និងផ្លាស់ប្ដូរបទពិសោធគ្នា ភាគីទាំងពីរបានឯកភាពក្នុងការស្វែងរកលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ផងដែរ៕

