ឧត្តរមានជ័យ៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ប្រទេស កម្ពុជានិង ថែ តាមរយៈលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងអភិបាលខេត្តស៊ីសាកេត លោក អនុផុង ស៊ុកសំនិត បានសម្រេចបន្ថែមពេលវេលាចេញ-ចូលរវាងច្រកទ្វារព្រំដែនអន្តរជាតិជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យជាមួយខេត្តស៊ីសាកេត រហូតដល់ម៉ោង១០យប់..។

នាយករងរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី បានបញ្ជាក់ទៀតថា កាលពីមុនកម្ពុជា-ថៃ មានការសន្មតគ្នាកំណត់ពេលវេលាចេញ-ចូល ឆ្លងដែនតាមច្រកទ្វារអន្តរជាតិទ្វេភាគីនេះ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៨យប់។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន ការដឹកជញ្ជូនមានភាពមមាញឹកទើបប្រទេសទាំងពីរឯកភាពគ្នាបន្ថែមពេលវេលាធ្វើដំណើរឆ្លងកាត់២ម៉ោងបន្ថែមទៀត។

លោក ម៉េត មាសភក្តី បញ្ជាក់៖ដោយសារកត្តាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច មានការដឹកជញ្ជូនច្រើន យើងក៏ស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីពង្រីក ឬក៏បង្កើនពេលវេលារបស់យើង ដល់ម៉ោង១០យប់។ សូមជម្រាបថា ក្រៅតែពីការសម្ពោធដាក់ដំណើរការម៉ោងចេញ-ចូលបន្ថែមនេះ រដ្ឋបាលខេត្តទាំងពីរបានប្តេជ្ញាពង្រឹងចំណងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង និងជំរុញជីវភាពប្រជាពលរដ្ឋទាំងសងខាងកាន់តែល្អប្រសើរ ខណៈ លោកអភិបាលខេត្តឧត្តរមានជ័យ កត់សម្គាល់ថា បង្កើនម៉ោងចេញចូលនៅច្រកព្រំដែន គឺបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ៕

