ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្នងរយៈពេល១២ខែក្នុងឆ្នាំ២០២៤ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៦៣លើក កើនឡើង ៥៥លើក ស្មើនឹង៥១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។ នេះតាមការឱ្យដឹងពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ…។
លោក ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងនៅកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ថា ខេត្តក្រចេះក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន១៦៣លើក កើនឡើង៥៥លើក ស្មើនឹង៥១ភាគរយ បើប្រៀបធៀបនឹង ឆ្នាំ២០២៣ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើ គឺមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។
លោកបានបន្តឱ្យដឹងថា ក្នុងករណីបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើឃាត់ខ្លួនមនុស្សបានចំនួន២៨៩នាក់ ក្នុងនោះមានស្រី២២នាក់ ដោយបានឃុំខ្លួន២១៤នាក់ ក្នុងនោះមានស្រី១៣នាក់, ព្យាបាល១២នាក់ នឹងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៥៨នាក់។ ដោយឡែក វត្ថុតាចាប់យកថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់២៣១៤,១៦ក្រាម, អាវុធវែង ព្រមទាំងឧបករណ៍បម្រើឱ្យការប្រើប្រាស់ នឹងការជួញដូរមួយចំនួនទៀតផងដែរ។ ជាមួយគ្នា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះរូបនេះ បានបញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាងទាំងអស់បានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាស់៕

