ខេត្តកោះកុង៖ នាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងចុះជាប់ផ្ទាល់ ពិនិត្យតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន បានគូសបញ្ជាក់កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នេះថា ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) បានសម្រុកខ្លាំងលើការស្ថាបនា ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥នេះ…។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការរូបនេះបញ្ជាក់បន្ថែមថា នៅមិនយូរប៉ុន្មានទេការងារអ៊ុត AC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុត AC គ្រោងបញ្ចប់នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខ។ ទន្ទឹមនឹងនេះ កំណាត់ផ្លូវខ្លះនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក៏បានស្ថាបនារួចរាល់អស់ហើយដែរ។ សម្រាប់ការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន គឺសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅ ស្របតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា ដោយធានាបានទាំងគុណភាព និងសោភ័ណភាព។

គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ (បំបែកស្រែអំបិល) ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន៧៨ភាគរយ។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏មានសារសំខាន់ និងយុទ្ធសាស្ត្រមួយ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍។ បុគ្គលិកជំនាញនៃការដ្ឋានបានឱ្យដឹងថា ដោយសារសកម្មភាពស្ថាបនាកំពុងមមាញឹកខ្លាំង សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកលើសទម្ងន់ ឬធ្ងន់ពេក បណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅចំណុចឡើងទួល និងចុះចំណោតជាដើម។

បន្ថែមលើនេះ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង ក៏ដូចជាការជួយកាត់បន្ថយ ការហុយធូលីលើអ្នកធ្វើដំណើររួមតាមដងផ្លូវ៕





