Trump បន្ទោសបញ្ហាសន្តិសុខអាមេរិក បន្ទាប់ពីការវាយប្រហារដ៏សាហាវផ្ទួនៗ

អន្តរជាតិះ- ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានថ្លែងរិះគន់ការដឹកនាំរបស់ប្រទេស និងគោលនយោបាយព្រំដែន បន្ទាប់ពីឧប្បត្តិហេតុហឹង្សាដែលបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ រួមទាំងមនុស្ស ១៥នាក់បានស្លាប់នៅក្នុងទីក្រុង New Orleans ។
– លោក Trump បានបង្ហោះនៅលើ Truth Social ថា “ហេតុការណ៍នៅប្រទេសរបស់យើងនាពេលនេះគឺជាគ្រោះមហន្តរាយមួយ ដែលគួរឱ្យអស់សំណើចទូទាំងពិភពលោក! នេះជាអ្វីដែលកើតឡើងនៅពេលដែលព្រំដែនយើងបើកចំហ ជាមួយនឹងភាពជាអ្នកដឹកនាំដែលទន់ខ្សោយ គ្មានប្រសិទ្ធភាព និងស្ទើរតែគ្មាន”។

– ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីឧប្បត្តិហេតុហឹង្សាជាបន្តបន្ទាប់នៅទូទាំងប្រទេស រួមទាំងការវាយប្រហារដោយរថយន្តនៅក្រុង New Orleans ដែលបានសម្លាប់មនុស្ស ១៥ នាក់ និងរបួស ៣៥ នាក់ទៀតកាលពីព្រឹកថ្ងៃពុធ។ ដោយឡែកមនុស្សម្នាក់ត្រូវបានសម្លាប់ នៅពេលដែលរថយន្ត Tesla Cybertruck បានផ្ទុះនៅខាងក្រៅសណ្ឋាគារលោក Trump International Hotel ក្នុងទីក្រុង Las Vegas រដ្ឋ Nevada។

– លោក Trump ក៏បានចោទប្រកាន់នាយកដ្ឋានយុត្តិធម៌ FBI និងរដ្ឋអាជ្ញាប្រជាធិបតេយ្យថា “អសមត្ថភាព និងពុករលួយ” ហើយបានរិះគន់ពួកគេចំពោះការផ្តោតតែលើខ្លួនឯងជាជាងសុវត្ថិភាពសាធារណៈ។ លោកបានសរសេរថា “សហរដ្ឋអាមេរិកកំពុងបែកបាក់ – ការបំផ្លាញដោយហឹង្សានៃសុវត្ថិភាព សន្តិសុខជាតិ និងលទ្ធិប្រជាធិបតេយ្យកំពុងកើតឡើងនៅទូទាំងប្រទេសរបស់យើង”។

– លោក Trump ថែមទាំងបានអំពាវនាវឱ្យមានអន្តរាគមន៍របស់ CIA ហើយបានសន្យាថា ក្នុងនាមជាអ្នកដឹកនាំដ៏រឹងមាំនៅក្នុងអាណត្តិខាងមុខ យើងនឹងពង្រឹងសន្តិសុខសាធារណៈ ជួបគ្នានៅថ្ងៃទី ២០ ខែមករា ខាងមុខ ហើយយើងនឹងធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត៕

You might like