អន្តរជាតិះ- ដោយសារតែហានិភ័យឆ្លងជំងឺអាសន្នរោគពីប្រទេសមីយ៉ាន់ម៉ា, ថៃ បានប្រកាសអាសន្ន ដាក់ស្រុកចំនួន៥ក្នុងខេត្ត Tak នៃព្រំដែនភាគខាងជើង ចូលជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ត្បិតថា ពេលនេះស្ថានការណ៍ហាក់គ្រប់គ្រងបាន រីឯករណីឆ្លងនៅមីយ៉ាន់ម៉ា ក៏កំពុងថយចុះគួរឲ្យកត់សម្គាល់ក៏ដោយ។
– តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី១ខែមករាឆ្នាំ២០២៥, ស្រុកចំនួន៥ក្នុងខេត្ត Tak ដែលដាក់ចូលជាតំបន់ក្រហមទាំងនោះមានដូចជា Mae Sot, Mae Ramat, Phop Phra, Tha Song Yang និង Umphang។
– ជុំវិញរឿងនេះ នាយកមន្ទីរពេទ្យ Mae Sot លោកវេជ្ជបណ្ឌិត Ramet Wongwilairat លើកឡើងថា ត្បិតស្ថានការណ៍មិនធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែមានហានិភ័យនៃករណីថ្មីនាពេលអនាគត។
– ស្របពេលជាមួយគ្នានោះ លោក Suphachok Wetchaphanphesat មន្ត្រីតាមដានសុខភាពសាធារណៈ បានបញ្ជាក់ថា គិតត្រឹមពេលនេះ មន្ទីរពេទ្យ Mae Sot រកឃើញអ្នកឆ្លងជំងឺអាសន្នរោគចំនួន៤ករណី ក្នុងនោះមានថៃ២នាក់ និងមីយ៉ាន់ម៉ា ២នាក់ ប៉ុន្តែបានព្យាបាលឲ្យជាសះស្បើយរួចហើយ។
– ត្បិតតែមីយ៉ាន់ម៉ា ហាក់ធូរស្រាលបន្តិចពីជំងឺអាសន្នរោគក៏ពិតមែន ប៉ុន្តែបើតាមរបាយការណ៍ពីឆ្មាំព្រំដែនថៃបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ដល់២៧ខែធ្នូឆ្នាំ២០២៤ ក្រុង Shwe Kokko មានការឆ្លងជំងឺនេះ៧៦១ករណី ដែលតម្រូវឲ្យចូលព្យាបាលក្នុងមន្ទីរពេទ្យ។
– អាសន្នរោគគឺជាជំងឺឆ្លងដោយបាក់តេរី Vibrio cholerae ដែលបណ្តាលឲ្យបាត់បង់ជាតិទឹកក្នុងរាងកាយ ដោយសាររាកខ្លាំង ហើយអាចឈានស្លាប់ ប្រសិនបើព្យាបាលមិនទាន់ពេល។
– ជំងឺនេះភាគច្រើន ឆ្លងតាមការទទួលទានទឹកឬអាហារដែលមានបាក់តេរីនេះ។ វិធីដើម្បីបង្ការអាសន្នរោគ គឺត្រូវរក្សាអនាម័យខ្ពស់ ផឹកទឹកនិងទទួលទានអាហារឆ្អិនល្អ ប្រើបង្គន់ស្អាត និងលាងដៃដោយសាប៊ូ៕
