បញ្ជូនក្រុមក្មេងទំនើងរហស្សនាម P.S ចំនួន ៦នាក់ទៅសាលាដំបូងខេត្ត​ព្រៃវែង​ បន្ទាប់ពីបានឃាត់ខ្លួន​ហើយ​

ខេត្ត​ព្រៃវែង៖- ក្មេងទំនើងមួយក្រុម ៦នាក់ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសខេត្ត កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីបន្តរនិតិវិធីច្បាប់នៅរសៀលថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ បន្ទាប់ពីស្រាវជ្រាវ ចាប់ខ្លួនបាន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ​ ។

មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា កម្លាំងបានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​និងឃាត់ខ្លួន​ក្រុមក្មេងទំនើងមួយក្រុមមានឈ្មោះ (ក្រុម P.S) ចំនួន៦នាក់ ដែលបានបង្កហិង្សានៅចំណុចភូមិឧត្តម ឃុំព្រែកខ្សាយ «ក» ស្រុកពាមរក៍ ខេត្តព្រៃវែង។

– ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ កម្លាំងកងរាជអាវុធខេត្ត​បានឃាត់ខ្លួន​ក្មេងទំនើង០៦នាក់ រួមមាន​ដូចខាងក្រោម​៖

ទី១-ឈ្មោះ មួន សាមីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ។

ទី២-ឈ្មោះ អុី រតនៈរាជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុក ពាមរក៍។

ទី៣-ឈ្មោះ ងេន អាទិត្យរ៉ាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ព្រែកខ្សាយ ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍។

ទី៤-ឈ្មោះ ប៊ុន សុខឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ជយ័ឧត្តមបឹងខ្ទុម ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍។

ទី៥-ឈ្មោះ ប៊ុត តុលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍

និងទី៦-ឈ្មោះ ណាល់ សំអូន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ឧត្តម ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍ ខេត្តព្រៃវែង ។

– ដោយឡែក​សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ កាំបិតបុ័ងតោចំនួន០១, ម៉ូតូ ចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន៤។ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី។

– គួរជម្រាបជូនថា​ បន្ទាប់ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ណែនាំដល់ក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសឱ្យធ្ងន់ទៅលើក្រុមក្មេងទំនើងដែលតែងតែបង្ករឿងកាប់ចាក់គ្នា។ សម្តេចមហាបវរធិបតី បានដាក់ចេញបទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុមក្មេងទំនើង ដោយគ្មានការលើកលែងនោះទេ៕

You might like