ភ្នំពេញ៖ ជួរភ្នំក្រវាញមានទឹកធ្លាក់ទាំង៧កន្លែង ដែលជាគោលដៅទេសចរណ៍ទាក់ទាញ នឹងធ្វើអោយភ្ញៀវទេសចរណ៍មកលេងជាច្រើន ដែលស្ថិតនៅ ក្នុងប្រទេសកម្ពុជាយើងដូចខាងក្រោម៖។
ទី១.រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងខេត្តកោះកុង ហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតង និងមានជួរភ្នំ ជ្រលងដងអូរជាច្រើន ពិសេសសម្បូរទៅដោយសត្វព្រៃជីវចម្រុះគ្រប់ប្រភេទដែលបានផ្តល់ភាពទាក់ទាញបែបធម្មជាតិធ្វើឱ្យភ្ញៀវទេសចរមកលេងកម្សាន្តជាហូរហែមិនចេះដាច់។ កន្លែងនេះក៏មានទឹកធ្លាក់ពីលើភ្នំមានកម្ពស់រហូតជាង៤៥ម៉ែត្រដែលមិនចេះរីងស្ងួត មិនថារដូវប្រាំង ឬរដូវវស្សា ផ្ទៃទឹកខៀវស្រងាត់អំណោយផលដល់ការងូតទឹកលេងកម្សាន្តផងដែរ។ ទី២.ឆាយតាហ៊ីង ជាកន្លែងដែលមានអាកាសធាតុត្រជាក់ខ្លាំងនៅពេលយប់ចុះអ័ព្ទច្រើននៅពេលព្រឹក ហើយថ្ងៃបើកខ្លាំងនៅពេលរសៀល។ ជាពិសេសមានផ្ទាំងថ្មធំៗរាប់សិបផ្ទាំងពាសពេញផ្ទៃទឹកដែលបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរងូតទឹកលេងកម្សាន្ដ។ កន្លែងនេះផងដែរ ជាទីតាំងដែលអ្នកស្រុកតំបន់អារ៉ែងនិយមប្រមូលគ្នាទៅងូតទឹកលេងកម្សាន្ដរៀងរាល់រដូវចូលឆ្នាំប្រពៃណីជាតិ។

ទី៣.ទឹកធ្លាក់ឆាយ១០០ ឬឆាយខ្ពស់ ជាតំបន់ទឹកធ្លាក់ដែលស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ភូមិសាស្ត្រជាប់ព្រំប្រទល់ ខេត្តកោះកុង និងខេត្តពោធិ៍សាត់។ បើតាមអ្នកភូមិ ការធ្វើដំណើរតាមផ្លូវ យើងតែងប្រទះឃើញប្រភេទសត្វព្រៃ និងជីវៈចម្រុះជាច្រើនប្រភេទអមនឹងទេសភាពដូចផ្ទាំងគំនូរដែលនាំឱ្យការធ្វើដំណើរកម្សាន្តមានអារម្មណ៍រីករាយខ្លាំង ។ ទី៤.ទឹកធ្លាក់ស្ទឹងពង្រូល ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាទីកម្សាន្តសែនមនោរម្យសម្រាប់អ្នកទេសចរងូតទឹកលេងនិងទស្សនាធម្មជាតិ ព្រៃភ្នំ ទឹកធ្លាក់ សត្វព្រៃក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ។

ទី៥.ទឹកធ្លាក់អូរកី មានទឹកថ្លាខៀវឆ្លុះដល់បាតស្ថិតនៅសហគមន៍ទេសចរណ៍ធម្មជាតិជីផាត់ ស្រុកថ្មបាំង ខេត្តកោះកុង។ ទឹកធ្លាក់នេះមាន៧ថ្នាក់ និងមានជាន់ខាងលើមួយទៀតហើយប្លែកភ្នែកត្រង់មានកូនអន្លង់តូចធំច្រើនទឹកថ្លាខៀវស្អាត បើមកចំខែទឹកច្រើនគឺស្អាតណាស់។ ទី៦.ទឹកធ្លាក់អូរម្លូ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយកន្លែងនៃតំបន់ទេសចរណ៍ធម្មជាតិជីផាតស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជាក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។ តំបន់ទឹកធ្លាក់នៅក្នុងរដូវនេះកំពុងបង្អួតខ្លួនយ៉ាងស្រស់បំព្រងនៅកណ្ដាលព្រៃភ្នំ។ អ្នកទេសចរគ្រប់វ័យ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងបានមកកម្សាន្តឥតដាច់។

ទី៧.ទឹកធ្លាក់អូរទឹកវេទ ឬហៅឆាយទឹកវេទ ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ជាអូរមួយហ៊ុមព័ទ្ធជុំជិតដោយព្រៃឈើយ៉ាងស្រស់បំព្រង។ អូរមួយនេះគឺមានទឹកធ្លាក់ដ៏ស្រស់ស្អាតមានរាងជាចំណិតព្រះច័ន្ទជាមួយទឹកធ្លាក់ដ៏ខ្លាំងនៅក្នុងរដូវវស្សា៕







