អន្តរជាតិ៖ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសចិនបានធ្វើការថ្កោលទោសសេចក្តីអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ជុំវិញការបើកដៃឱ្យរដ្ឋធានីវ៉ាស៊ីនតោន ដាក់ពង្រាយមីស៊ីលក្នុងប្រទេស ដោយរដ្ឋធានីប៉េកាំងលើកឡើងយ៉ាងដូច្នេះថា «រដ្ឋធានីម៉ានីលកំពុងតាមវាយប្រហារ និងព្យាបាទបក្សកុម្មុយនីស្ដចិន»…។

លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ (Gilberto Teodoro) បានលើកឡើងកាលពីថ្ងៃអង្គារទី២៤ធ្នូថា ហ្វីលីពីនមានសិទ្ធិអនុញ្ញាតឱ្យមានការដាក់ពង្រាយប្រព័ន្ធមីស៊ីលរបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសរបស់ខ្លួន បើទោះបីជាមហាយក្ស[ចិន]នៅតែបន្តការប្រឆាំងចំពោះចំណាត់ការនេះក៏ដោយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន។

ស្ថានទូតចិននៅរដ្ឋធានីម៉ានីល បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកត់សម្គាល់របស់លោក តេអូដូរ៉ូ គឺពោរពេញដោយភាពលំអៀងខាងមនោគមវិជ្ជា ការប្រឈមមុខដាក់គ្នា គំនិតនៃសង្រ្គាមត្រជាក់។ ជុំវិញបញ្ហានេះ រដ្ឋធានីប៉េកាំងបានជំរុញឱ្យរដ្ឋធានីម៉ានីលដកខ្លួនចេញយ៉ាងឆាប់រហ័ស នូវការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាម៉េរិកលើដែនកោះនេះ។ យ៉ាងណា ស្ថានទូតហ្វីលីពីនប្រចាំនៅរដ្ឋធានីប៉េកាំង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

